ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ​បុរសកូរ៉េខាងត្បូងម្នាក់ប្រទះឃើញលុយ ១០០លានវ៉ុននៅក្រោមទូទឹកកជជុះមួយគ្រឿងដែលគាត់ទើបទិញតាម Online

    BY Pheakdey August 14, 2021
    ​បុរសកូរ៉េខាងត្បូងម្នាក់ប្រទះឃើញលុយ ១០០លានវ៉ុននៅក្រោមទូទឹកកជជុះមួយគ្រឿងដែលគាត់ទើបទិញតាម Online

    កូរ៉េខាងត្បូង៖ សារព័ត៌មាន World of Buzz បានឲ្យដឹងថា មានបុរសជនជាតិកូរ៉េខាងត្បូងបានម្នាក់បានប្រទះឃើញលុយសុទ្ធចំនួន ១០០ លានវ៉ុន (៨៥,៨៩១ ដុល្លារអាមេរិក) នៅក្រោមទូទឹកកជជុះមួយគ្រឿងដែលបានគាត់បានទិញតាម Online។ បុរសកំពូលសំណាងរូបនេះ​មិនបានបង្ហាញអត្តសញ្ញាណពិតប្រាកដឡើយ តែរូបគាត់ត្រូវបានសារព័ត៌មានខាងលើហៅថា Mr. A ហើយបច្ចុប្បន្នកំពុងរស់នៅក្នុងទីក្រុងសេអ៊ូល​ ប្រទេសកូរ៉េខាងត្បូង។ ក្រោយប្រទះឃើញលុយដ៏ច្រើននេះ Mr. A មិនបានរក្សាទុកលុយទាំងនោះសម្រាប់ខ្លួនគាត់ឡើយ ដោយគាត់បានរាយការណ៍អំពីករណីនេះទៅកាន់អាជ្ញាធរដើម្បីសុំអន្តរាគមន៍ពីក្រុមប៉ូលិសជំនាញ។ ក្រោយទទួលបានសំណុំរឿងនេះខាងប៉ូលិសកូរ៉េខាងត្បូងក៏បានបើកការស៊ើបអង្កេតភ្លាមៗផងដែរដើម្បីរកឲ្យឃើញការពិតថា លុយទាំងនេះមានជាប់ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មឬក៏អត់។ ដំណឹងមួយនេះក៏ត្រូវបានចុះផ្សាយពេញបណ្តាញសារព័ត៌មានកូរ៉េខាងត្បូងផងដែរ ដើម្បីស្វែងរកម្ចាស់លុយដែលបានយកលុយមកលាក់ក្រោមទូទឹកកកនេះ។

    យោងទៅតាមច្បាប់ក្នុងប្រទេសកូរ៉េខាងត្បូងលុយទាំងនេះនឹងត្រូវចាត់ចែងទៅតាមករណីជាក់ស្តែងជាច្រើនរបៀបដូចជា៖

    -បើលុយទាំងនេះមានជាប់ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មគឺលុយនឹងត្រូវប្រគល់ជូនរដ្ឋ ដូចគ្នាទៅនឹងប្រាក់ពិន័យផ្សេងៗដែលជនល្មើលត្រូវបង់នៅពេលប្រព្រឹត្តខុសច្បាប់អីចឹងដែរ។

    -ក្នុងរយៈពេល ៦ ខែ បើរកមិនឃើញម្ចាស់លុយទេហើយខាងប៉ូលិសក៏រកមិនឃើញថាលុយទាំងនេះជាលុយខុសច្បាប់ទៀតនោះ គឺលុយទាំងអស់នឹងត្រូវប្រគល់ជូន Mr. A ដោយរូបគាត់ត្រូវបង់ពន្ធជូនរដ្ឋ ២២% នៃចំនួនលុយសរុប។

    -ក្នុងករណីរកឃើញម្ចាស់ពិតប្រាកដ គឺលុយនឹងត្រូវផ្តល់ជូនម្ចាស់ដើមវិញ តែត្រូវបែងចែកឲ្យ Mr. A ចន្លោះពី ៥-២០%នៃលុយសរុបសម្រាប់ជាការលើកទឹកចិត្តចំពោះរូបគាត់។

    -ករណីដែលរកមិនឃើញម្ចាស់ដើម ហើយ Mr. A ក៏មិនទទួលយកលុយនេះទៀត គឺខាងអាជ្ញាធរនឹងប្រគលលុយទាំងអស់ទៅកាន់រតនាគារជាតិតែម្តង៕

    រូបតំណាង

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: