ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមសម្រេចបន្តអនុវត្តច្បាប់រឹតបន្តឹងក្រុងហូជីមិញរហូតដល់ចុងខែសីហាក្រោយចំនួនអ្នកឆ្លងនិងមរណភាពដោយកូវីដ ១៩បន្តកើនឡើងយ៉ាងគំហុក

    BY Pheakdey August 14, 2021
    វៀតណាមសម្រេចបន្តអនុវត្តច្បាប់រឹតបន្តឹងក្រុងហូជីមិញរហូតដល់ចុងខែសីហាក្រោយចំនួនអ្នកឆ្លងនិងមរណភាពដោយកូវីដ ១៩បន្តកើនឡើងយ៉ាងគំហុក

    វៀតណាម៖ សារព័ត៌មាន Channel News Asia បានរាយការណ៍ថា អាជ្ញាធរវៀតណាមបានសម្រេចបន្តអនុវត្តច្បាប់រឹតបន្តឹងទីក្រុងហូជីមិញរហូតដល់ចុងខែសីហានេះ ក្រោយចំនួនអ្នកឆ្លងនិងស្លាប់ដោយជំងឺកូវីដ ១៩ នៅទូទាំងប្រទេសបន្តកើនឡើងយ៉ាងគំហុក។ គួរបញ្ជាក់ថា ហូជីមិញគឺជាទីក្រុងពាណិជ្ជកម្មដ៏ធំរបស់វៀតណាម ដោយក្រុងមួយនេះមានប្រជាពលរដ្ឋរស់នៅប្រមាណជា ៩ លាននាក់ផងដែរ។

    បើតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលវៀតណាមបានឲ្យដឹងថា គិតត្រឹមពេលនេះមានប្រជាពលរដ្ឋវៀតណាមត្រឹមតែ ១% ប៉ុណ្ណោះក្នុងចំណោមពលរដ្ឋសរុបជិត ៩៧លាននាក់ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដរួចរាល់ទាំង ២ ដូស។ ដោយឡែកសម្រាប់នៅក្នុងទីក្រុងហូជីមិញវិញគឺមានពលរដ្ឋចំនួន ១៣០,០០០ នាក់បានចាក់វ៉ាក់សាំងរួចរាល់ទាំង ២ដូស ខណៈពលរដ្ឋប្រមាណជា ២/៣ នៃពលរដ្ឋសរុប ៩លាននាក់ ទើបទទួលបានវ៉ាក់សាំងដូសទីមួយ។ សូមបញ្ជាក់ផងដែរថា ជាច្រើនសប្តាហ៍ចុងក្រោយនេះចំនួនអ្នកឆ្លងកូវីដ ១៩ នៅវៀតណាមបានឡើងដល់ខ្ទង់ ៨-៩ ពាន់នាក់ក្នុងមួយថ្ងៃ ខណៈគិតត្រឹមពេលនេះវៀតណាមមានអ្នកឆ្លងសរុបជាង ២សែននាក់ និងស្លាប់សរុបជាង ៤ពាន់នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: