របាយការណ៍មួយបានបង្ហាញថា ស្រ្តីមានផ្ទៃពោះ ៧០នាក់នៅម៉ាឡេស៊ីបានទទួលមរណភាពដោយជំងឺកូវីដ ១៩ ព្រោះតែពួកគាត់មិនបានទៅចាក់វ៉ាក់សាំងបង្ការកូវីដ
ម៉ាឡេស៊ី៖ របាយការណ៍មួយបានបង្ហាញថា មានស្រ្តីមានផ្ទៃពោះប្រមាណជា ៧០នាក់នៅទូទាំងប្រទេសម៉ាឡេស៊ីបានស្លាប់ដោយសាជំងឺកូវីដ ១៩ ព្រោះតែពួកគាត់មិនបានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នោះទេ។ ក្នុងចំណោមជនរងគ្រោះទាំង ៧០នាក់នោះ មានអ្នកខ្លះបានស្លាប់នៅក្នុងអំឡុងពេលកំពុងពពោះ ខណៈមួយចំនួនបានស្លាប់ក្រោយពេលសម្រាលកូនបាន ២-៣ថ្ងៃ។ ចំពោះការខកខានមិនបានទៅចាក់វ៉ាក់សាំងវិញគឺអាចកើតឡើងព្រោះហេតុផលផ្ទាល់ខ្លួនផ្សេងៗគ្នា តែហេតុផលរួមមួយដែលគេបានកត់សម្គាល់នោះគឺទំនងជាក្រុមស្រ្តីរងគ្រោះទាំងនេះគិតថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ អាចមានផលប៉ះពាល់ដល់កូននៅក្នុងផ្ទៃ។

យ៉ាងណាក្តី ក្រុមអ្នកជំនាញម៉ាឡេស៊ីបានបញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ ១៩ មិនបានបង្កគ្រោះថ្នាក់ដល់ក្រុមស្រ្តីមានផ្ទៃពោះនិងទារកនៅក្នុងផ្ទៃឡើយ ហើយស្រ្តីមានផ្ទៃពោះត្រូវតែមកចាក់វ៉ាក់សាំងជាចាំបាច់ដើម្បីការពារសុខភាពរបស់គាត់ផងនិងសុខភាពកូននៅក្នុងផ្ទៃផង។ តាមរបាយការណ៍ការរបស់អាជ្ញាធរម៉ាឡេស៊ីបានបង្ហាញថា ក្រុមស្រ្តីមានផ្ទៃពោះដែលបានមកចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅមានកម្រិតទាបនៅឡើយ ខណៈស្រ្តីមានផ្ទៃពោះក៏ត្រូវបានគេចាត់ទុកថា ជាក្រុមនុស្សងាយនឹងឆ្លងជំងឺកូវីដ ១៩ ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz