ថៃសម្រេចឲ្យអ្នកបានចាក់វ៉ាក់សាំង Sputnik V របស់រុស្ស៊ីអាចចូលមកកំសាន្តក្នុងប្រទេសខ្លួនដោយមិនចាំបាច់ធ្វើចត្តាឡីស័ក
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានសម្រេចអនុម័តចំពោះវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Sputnik V របស់ប្រទេសរុស្ស៊ីហើយ ខណៈអាជ្ញាធរថៃក៏បានយល់ព្រមអនុញ្ញាតឲ្យពលរដ្ឋគ្រប់រូបដែលបានចាក់វ៉ាក់សាំងប្រភេទនេះរួចអាចធ្វើដំណើរមកកំសាន្តនៅក្នុងប្រទេសខ្លួនមិនចាំបាច់ធ្វើចត្តាឡីស័កផងដែរ។ គួររម្លឹកជូនថា នាពេលកន្លងរដ្ឋបាលផ្នែកឱសថនិងចំណីអាហារថៃធ្លាប់បានបដិសេធវ៉ាក់សាំងរបស់រុស្ស៊ីនេះម្តងហើយ ដោយពេលនោះថៃនៅមិនទាន់ទទួលស្គាល់ពីប្រសិទ្ធភាពរបស់វានៅឡើយទេ។

យ៉ាងណាក្តី ក្រោយមានការសិក្សាពីក្រុមអ្នកជំនាញពេលនេះមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ របស់ថៃបានយល់ព្រមទទួលស្គាល់ថា វ៉ាក់សាំង Sputnik V គឺមានប្រសិទ្ធភាពមិនចាញ់វ៉ាក់សាំងប្រភេទផ្សេងឡើយ ដូចនេះអ្នកដែលបានចាក់វ៉ាក់សាំងប្រទេសនេះរួចនឹងត្រូវបានអនុញ្ញាតឲ្យមកកំសាន្តក្នុងប្រទេសថៃតាមរយៈកម្មវិធី Phuket Sandbox ដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះទេ។ បើតាមអាជ្ញាធរថៃបានព្យាករណ៍តាមរយៈការអនុម័តខាងលើនេះ ខេត្តភូកេតរបស់ថៃអាចនឹងទាក់ទាញភ្ញៀវទេសចរណ៍ជនជាតិរុស្ស៊ីប្រមាណជា ៥០០,០០០នាក់ឲ្យមកកំសាន្តនៅត្រឹមចុងឆ្នាំ ២០២១ នេះ ខណៈនាពេលកន្លងមកគិតជាមធ្យមគឺមានភ្ញៀវទេសចរណ៍រុស្ស៊ីប្រមាណជា ១,៤លាននាក់បានកំសាន្តក្នុងប្រទេសថៃជារៀងរាល់ឆ្នាំ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger