អន្តរជាតិ
ថៃប្រកាសពីការរកឃើញករណីទារកអាយុ ៧ខែម្នាក់និងស្រ្តីមានផ្ទៃពោះ ២នាក់បានបាត់បង់ជីវិតដោយសាជំងឺកូវីដ ១៩
BY Pheakdey
August 23, 2021
ថៃ៖ កាលពីថ្ងៃអាទិត្យទី ២២ ខែ សីហា ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១៩,០១៤នាក់និងបានរកឃើញអ្នកស្លាប់ដោយសាជំងឺកូវីដ ១៩ ចំនួន ២៣៣នាក់។ បើពិនិត្យទៅមើលចំនួនអ្នកឆ្លងប្រចាំថ្ងៃហាក់មានការថយចុះបន្តិច តែបើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានធ្វើការកត់សម្គាល់ថា ក្នុងចំណោមអ្នកស្លាប់ទាំងជាង ២០០ នាក់នោះក៏មានករណីកម្រមួយចំនួនបានកើតមានផងដែរ។

ករណីកម្រទាំងនោះរួមមាន ១ ករណីបានកើតមានចំពោះទារកដែលមានអាយុត្រឹម ៧ខែ, ២ ករណីកើតមានចំពោះស្រ្តីមានផ្ទៃពោះ, ១ ករណីកើតមានចំពោះវេជ្ជបណ្ឌិតដែលមានអាយុ ៨៨ឆ្នាំ និង ១ករណីផ្សេងទៀតបានកើតមានចំពោះពលរដ្ឋវ័យ ១០១ ឆ្នាំ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះប្រទេសថៃបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបចំនួន ១,០៦៦,៧៨៦ នាក់ និងស្លាប់សរុបចំនួន ៩,៥៦២នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍