ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាមួយបានបង្ហាញថា ពលរដ្ឋវ័យចំណាស់ដែលបានចាក់វ៉ាក់សាំង Pfizer ជាដូសជំរុញនឹងមានប្រព័ន្ធការពាររាងកាយខ្លាំងជាងមុន ៤ដង

    BY Pheakdey August 24, 2021
    ការសិក្សាមួយបានបង្ហាញថា ពលរដ្ឋវ័យចំណាស់ដែលបានចាក់វ៉ាក់សាំង Pfizer ជាដូសជំរុញនឹងមានប្រព័ន្ធការពាររាងកាយខ្លាំងជាងមុន ៤ដង

    អ៊ីស្រាអែល៖ ការសិក្សាមួយរបស់អាជ្ញាធរសុខាភិបាលអ៊ីស្រាអែលដែលបានចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានបង្ហាញថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer សម្រាប់ជាដូសជំរុញឬដូសទី ៣ ចំពោះពលរដ្ឋដែលមានអាយុលើសពី ៦០ឆ្នាំឡើងទៅនឹងជួយបង្កើតប្រព័ន្ធការពាររាងកាយបានយ៉ាងច្រើនគួរឲ្យកត់សម្គាល់ បើធ្វើការប្រៀបធៀបទៅនឹងពលរដ្ឋដែលមានអាយុដូចគ្នាហើយចាក់វ៉ាក់សាំងបានត្រឹមតែ ២ដូស។ ទិន្នន័យនៅក្នុងការសិក្សាបានបញ្ជាក់ថា ប្រព័ន្ធការពាររាងកាយសម្រាប់ប្រឆាំងទៅនឹងការចម្លងមេរោគនៅក្នុងខ្លួនពលរដ្ឋដែលបានចាក់វ៉ាក់សាំង Pfizer ជាដូសជំរុញនោះបានកើនឡើងរហូតចំនួន ៤ដង ក្រោយពេលចាក់វ៉ាក់សាំងដូសទី ៣ បានត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ។

    ជាងនេះទៅទៀតរបាយការណ៍ដដែលនេះក៏បានបង្ហាញដែរថា ចំពោះប្រសិទ្ធភាពការពារមិនឲ្យមានជំងឺធ្ងន់ធ្ងរវិញគឺបានកើនឡើងខ្លាំងជាងមុនរហូតដល់ ៥-៦ដងឯណោះ។ គួររម្លឹកថា អ៊ីស្រាអែលគឺជាប្រទេសដំបូងគេបង្អស់ក្នុងពិភពលោកដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញទៅកាន់ពលរដ្ឋមានអាយុលើសពី ៦០ឆ្នាំ ខណៈរហូតមកទល់នឹងពេលអ៊ីស្រាអែលបានសម្រេចការចាក់វ៉ាក់សាំងដូសទី ៣ ជូនពលរដ្ឋវ័យចំណាស់បានជាង ១ លាននាក់ហើយ ដោយយុទ្ធនាការមួយនេះបានចាប់ផ្តើមកាលពីចុងខែកក្កដាកន្លងមក។ គួរបញ្ជាក់ផងដែរថា​ គិតមកទល់នឹងពេលនេះប្រទេសអ៊ីស្រាអែលបានសម្រេចការចាក់វ៉ាក់សាំងរួចរាល់ជូនពលរដ្ឋខ្លួនបានចំនួន ៥ លាននាក់ហើយ ខណៈអ៊ីស្រាអែលមានពលរដ្ឋសរុបចំនួន ៩លាននាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  Daily Mail 

    Share This Post: