ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាមួយបង្ហាញថា ប្រសិទ្ធភាពរបស់វ៉ាក់សាំង Pfizer និង Moderna ទល់នឹងមេរោគបំប្លែងខ្លួន Delta មានត្រឹម ៦៦% ប៉ុណ្ណោះ

    BY Pheakdey August 25, 2021
    ការសិក្សាមួយបង្ហាញថា ប្រសិទ្ធភាពរបស់វ៉ាក់សាំង Pfizer និង Moderna ទល់នឹងមេរោគបំប្លែងខ្លួន Delta មានត្រឹម ៦៦% ប៉ុណ្ណោះ

    អាមេរិក៖ ការសិក្សាមួយបានបង្ហាញថា ប្រសិទ្ធភាពរបស់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer ​និង Moderna សម្រាប់ប្រឆាំងនឹងមេរោគកូវីដ ១៩ បំប្លែង Delta នឹងធ្លាក់ចុះសល់ត្រឹម ៦៦% ប៉ុណ្ណោះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក ដែលបានសិក្សាទៅលើក្រុមបុគ្គលិកសុខាភិបាលជួរមុខនិងក្រុមអ្នកផ្តល់សេវាថែទាំសុខភាពរាប់ពាន់នាក់នៅក្នុងរដ្ឋធំៗចំនួន ៦ នៅសហរដ្ឋអាមេរិក ខណៈក្រុមបុគ្គលិកទាំងនេះមានកាតព្វកិច្ចត្រូវធ្វើតេស្តរកជំងឺកូវីដ ១៩ រៀងរាល់ដើមសប្តាហ៍មុននឹងចូលទៅធ្វើការងារ បើទោះជាពួកគាត់គ្មានរោគសញ្ញាអ្វីដោយក៏ដោយ។

    គួររម្លឹកថា នាពេលកន្លងមកវ៉ាក់សាំងប្រភេទ Pfizer ​និង Moderna ធ្លាប់ត្រូវបានគេរកឃើញថា មានប្រសិទ្ធភាពទប់នឹងមេរោគកូវីដ ១៩ ធម្មតាបានរហូតដល់ ៩១% ឯណោះ តែយ៉ាងណាក្តីការសិក្សាថ្មីៗនេះបានបង្ហាញយ៉ាងច្បាស់ថា វ៉ាក់សាំងទាំង ២ ប្រភេទនេះមានប្រសិទ្ធភាពទល់នឹងមេរោគបំប្លែងខ្លួន Delta បានត្រឹម ៦៦%ប៉ុណ្ណោះ។ បើទោះជាមានការធ្លាក់ចុះចំពោះប្រសិទ្ធភាពប្រឆាំងនឹងការឆ្លងក៏ពិតមែន តែវ៉ាក់សាំងរបស់អាមេរិកទាំង ២ ប្រភេទនេះនៅតែមានប្រសិទ្ធភាពខ្ពស់សម្រាប់ជួយការពារមិនឲ្យមានជំងឺធ្ងន់ធ្ងរឬស្លាប់ដោយជំងឺកូវីដ ១៩។ ក្នុងការសិក្សាខាងលើនេះក៏បានបង្ហាញផងដែរថា សម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំងវិញគឺពួកគាត់មានហានិភ័យក្នុងការឆ្លងជំងឺកូវីដ ១៩ ខ្ពស់ជាងអ្នកដែលបានចាក់រហូតដល់ ២៩,២ ដងឯណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: