ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រោយចំនួនអ្នកឆ្លងកូវីដធ្លាក់ចុះបន្តិច ថៃគ្រោងអនុញ្ញាតឲ្យភោជនីយដ្ឋានអាចបើកទទួលអតិថិជនឡើងវិញ តែទទួលត្រឹមអ្នកបានចាក់វ៉ាក់សាំងរួចរាល់ប៉ុណ្ណោះ

    BY Pheakdey August 25, 2021
    ក្រោយចំនួនអ្នកឆ្លងកូវីដធ្លាក់ចុះបន្តិច ថៃគ្រោងអនុញ្ញាតឲ្យភោជនីយដ្ឋានអាចបើកទទួលអតិថិជនឡើងវិញ តែទទួលត្រឹមអ្នកបានចាក់វ៉ាក់សាំងរួចរាល់ប៉ុណ្ណោះ

    ថៃ៖ ក្រសួងសុខាភិបាលសាធារណៈថៃកំពុងស្នើសុំការអនុម័តពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ដើម្បីអនុញ្ញាតឲ្យភោជនីយដ្ឋាននៅក្នុងប្រទេសថៃអាចបើកទទួលអតិថិជនវិញបាន ដែលការស្នើសុំនេះត្រូវបានធ្វើឡើងក្រោយចំនួនអ្នកឆ្លងកូវីដ ១៩ ប្រចាំថ្ងៃនៅទូទាំងប្រទេសថៃបានបន្តធ្លាក់ចុះជាច្រើនថ្ងៃជាប់គ្នាមកហើយ។ យ៉ា​ងណាក្តី នៅក្នុងសំណើរបស់ក្រសួងសុខាភិបាលថៃនោះបានបញ្ជាក់ថា ភោជនីយដ្ឋានដែលគ្រោងនឹងបើកទទួលអតិថិជនវិញនោះក៏ត្រូវបន្តអនុវត្តវិធានការសុខាភិបាលមួយចំនួនផងដែរដូចជា ទទួលតែអតិថិជនដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ រក្សាគម្លាតសង្គមនៅក្នុងភោជនីយដ្ឋានដោយរៀបចំតុអង្គុយត្រឹម ៥០%ប៉ុណ្ណោះ ហើយបុគ្គលិកបម្រើការងារនៅក្នុងភោជនីយដ្ឋានក៏តម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ ១៩ ជាប្រចាំផងដែរ។

    បើតាមលោក Anutin Charnvirakul ដែលជាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានឲ្យដឹងថា បើគម្រោងខាងលើនេះមិនបានបង្កឲ្យមានការរាតត្បាតជំងឺកូវីដ ១៩ ឡើងវិញនោះទេ ពោលគឺចំនួនអ្នកឆ្លងប្រចាំថ្ងៃនៅតែបន្តថយចុះអាជ្ញាធរថៃនឹងពិចារណាអនុញ្ញាតឲ្យអាជីវកម្មដូចជាក្លឹបហាត់ប្រាណ និងសកម្មភាពកីឡាមួយចំនួនអាចបើកដំណើរការវិញផងដែរ។  គួរបញ្ជាក់ជូនថា ជាងមួយសប្តាហ៍មកហើយដែលតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសថៃបានធ្លាក់ចុះក្រោម ២ម៉ឺននាក់ ហើយនៅក្នុងថ្ងៃពុធ ទី ២៥ ខែ សីហានេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ១៨,៤១៧ នាក់ និងស្លាប់ ២៩៧ នាក់ ខណៈតួលេខអ្នកឆ្លងសរុបគិតត្រឹមពេលនេះគឺមានចំនួនជាង ១,១ លាននាក់ និងស្លាប់សរុបជាង ១ម៉ឺននាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

     

     

     

    Share This Post: