ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កាសែតបាងកកប៉ុស្តិ៍​ បានចុះផ្សាយថា​ កម្ពុជានឹងបញ្ជូនមន្ត្រីជំនាញទៅពិនិត្យសំណង់ប្រាសាទដែលថៃកំពុងសាងសង់ដោយលួចចម្លងរចនាបថពីប្រាសាទអង្គរវត្ត

    BY Pheakdey August 26, 2021
    កាសែតបាងកកប៉ុស្តិ៍​ បានចុះផ្សាយថា​ កម្ពុជានឹងបញ្ជូនមន្ត្រីជំនាញទៅពិនិត្យសំណង់ប្រាសាទដែលថៃកំពុងសាងសង់ដោយលួចចម្លងរចនាបថពីប្រាសាទអង្គរវត្ត

    កម្ពុជាគ្រោងនឹងបញ្ជូនមន្ត្រីជំនាញរបស់ខ្លួនទៅកាន់ប្រទេសថៃដើម្បីត្រួតពិនិត្យសំណង់ប្រាសាទថ្មីមួយដែលថៃកំពុងសាងសង់និងមានរូបរាងដូចប្រាសាទអង្គរវត្ត។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា សំណង់ប្រាសាទដែលថៃកំពុងសាងសង់នេះមានទីតាំងស្ថិតនៅក្នុងវត្ត Wat Phu Man Fah ក្នុងស្រុក Nang Rong​ ខេត្ត Buri Ram ដោយថៃបានហៅប្រាសាទនេះថា “Sihanakhon” ខណៈគោលបំណងដែលថៃសម្រេចសាងសង់ប្រាសាទនេះឡើងគឺដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ នាពេលកន្លងមកអាជ្ញាធរថៃធ្លាប់បាននិយាយថា ថៃមិនបានលួចចម្លងរចនាបថប្រាសាទអង្គរវត្តរបស់កម្ពុជាសម្រាប់សាងសង់ប្រាសាទថ្មីនេះទេ ដ្បិតប្រាសាទថ្មីនេះត្រូវគេរចនាឡើងដោយមានការលាយបញ្ចូលគ្នារវាងរចនាបថនៃប្រាសាទជាច្រើនតាមបែបព្រះពុទ្ធសាសនា។

    យ៉ា​ងណាក្តី បើតាមលោក Hab Touch ដែលជាប្រធាននាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានបញ្ជាក់ថា កម្ពុជាមិនអាចទទួលយកបាននោះទេចំំពោះការលើកឡើងរបស់ភាគីដូចខាងលើនេះ ព្រោះកម្ពុជាបានមើលឃើញថាប្រាសាទដែលថៃកំពុងសាងសង់នោះគឺមានលក្ខណៈដូចប្រាសាទអង្គរវត្តរបស់កម្ពុជា ១០០% តែម្តង ដូចនេះហើយកម្ពុជាត្រូវតែបញ្ជូនមន្ត្រីជំនាញរបស់ខ្លួនដើម្បីទៅពិនិត្យនិងដោះស្រាយបញ្ហាមួយនេះ។

    យ៉ាងណាក្តី ប្រធាននាយកដ្ឋានរូបនេះមិនបានបង្ហើបឲ្យដឹងពីវិធានការនិងពេលវេលាជាក់ស្តែងដែលភាគីកម្ពុជានឹងដោះស្រាយបញ្ហានេះនៅឡើយទេ ដ្បិតពេលនេះការធ្វើដំណើរទៅកាន់ប្រទេសថៃក៏មានការរំខានដោយបញ្ហាកូវីដ ១៩ ផងដែរ។ សម្រាប់ពលរដ្ឋកម្ពុជាវិញបានសម្តែងនូវការខឹងសម្បារចំពោះប្រទេសថៃយ៉ាងខ្លាំង ដោយពលរដ្ឋកម្ពុជាបាននាំគ្នាបង្ហោះសារនៅក្នុងបណ្តាញសង្គម Facebook ថា “ប្រាសាទអង្គរវត្តជាកម្មសិទ្ធរបស់ប្រទេសកម្ពុជា” ឬ“ជួយសង្គ្រោះប្រាសាទអង្គរវត្តកម្ពុជា” ជាដើម៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  បាងកកប៉ុស្តិ៍

    Share This Post: