ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃកំពុងអភិវឌ្ឍឧបរកណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ តាមរយៈញើសដំបូងគេបង្អស់លើពិភពលោក

    BY Pheakdey August 27, 2021
    ថៃកំពុងអភិវឌ្ឍឧបរកណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ តាមរយៈញើសដំបូងគេបង្អស់លើពិភពលោក

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Nation Thailand បានឲ្យដឹងថា ថៃនឹងក្លាយជាប្រទេសដំបូងគេដែលបានអភិវឌ្ឍឧបរកណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ តាមរយៈញើសរបស់អ្នកជំងឺ ខណៈឧបករណ៍ដែលគេកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះគឺធ្វើតេស្តតាមរយៈសារធាតុទឹកនៅក្នុងរន្ធច្រមុះ។ ឧបរកណ៍ធ្វើតេស្តរកជំងឺកូវីដ ១៩ តាមរយៈញើសនេះត្រូវបានអភិវឌ្ឍឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងសាកលវិទ្យាល័យជូឡាឡុងកន ហើយឧបករណ៍ធ្វើតេស្តនេះត្រូវការរយៈពេល ១៥ នាទីទើបអាចបង្ហាញលទ្ធផលបាន។

    បើតាមលោកសាស្រ្តាចារ្យ Chadin Kulsing ដែលជាប្រធាននាយកដ្ឋាគីមីវិទ្យានៃសាកលវិទ្យាល័យជូឡាឡុងកនបានពន្យល់ថា ញើសរបស់អ្នកជំងឺកូវីដ ១៩ មានសារធាតុគីមីប្លែកខុសពីញើសអ្នកធម្មតា ដូចនេះហើយទើបគេអាចដឹងថាអ្នកណាម្នាក់វិជ្ជមានកូវីដ ១៩​ឬអត់តាមរយៈសារធាតុគីមីប្លែកគេនោះ។ លោកសាស្រ្តាចារ្យរូបនេះបានបន្តថា ឆ្លងតាមការពិសោធន៍លើពលរដ្ឋចំនួន ២,០០០ ​នាក់នាពេលកន្លងមក ឧបករណ៍ធ្វើតេស្តថ្មីនេះអាចផ្តល់នូវលទ្ធផលត្រឹមត្រូវរហូតដល់កម្រិត ៩៨%  ឯណោះ។ យ៉ាងណាក្តី គិតមកទល់នឹងពេលនេះឧបករណ៍ធ្វើតេស្តកូវីដ ១៩ តាមរយៈញើសនេះនៅមិនទាន់ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនោះទេ ដោយវាកំពុងស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្តនៅឡើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Nation Thailand

    Share This Post: