អង់គ្លេសសម្រេចហាមឃាត់អ្នកដំណើរមកពីប្រទេសថៃ ក្រោយការរាតត្បាតកូវីដ-១៩ នៅថៃមានកម្រិតខ្ពស់
ថៃ៖ រដ្ឋាភិបាលនៃប្រទេសអង់គ្លេសបានសម្រេចដាក់ប្រទេសថៃនិងប្រទេសម៉ុងតេណេហ្គ្រោចូលក្នុងបញ្ជីក្រហមរបស់ខ្លួន ពោលគឺអង់គ្លេសនឹងមិនអនុញ្ញាតឲ្យពលរដ្ឋនៃប្រទេសទាំងនេះធ្វើដំណើរចូលក្នុងប្រទេសខ្លួនឡើយដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា វិធានការរបស់រដ្ឋាភិបាលអង់គ្លេសចំពោះការហាមឃាត់នេះនឹងត្រូវអនុវត្តចាប់ពីម៉ោង ៤ ព្រឹក នៃថ្ងៃទី ៣០ ខែសីហានេះតទៅរហូតដល់មានការជូនដំណឹងជាថ្មីម្តងទៀត។

ប្រភពខាងលើបានបន្តថា ការសម្រេចហាមឃាត់របស់រដ្ឋាភិបាលអង់គ្លេសនៅពេលនេះគឺដោយសាអង់គ្លេសមើលឃើញថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នៅក្នុងប្រទេសថៃនិងម៉ុងតេណេហ្គ្រោមានភាពយឺតយ៉ាវ ខណៈការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងសហគមន៍មានកម្រិតខ្ពស់។ យ៉ាងណាក្តី អង់គ្លេសនឹងអនុញ្ញាតឲ្យពលរដ្ឋដែលមានសញ្ជាតិអង់គ្លេសនិងអៀរឡង់ហើយកំពុងរស់នៅក្នុងប្រទេសអង់គ្លេសអាចធ្វើដំណើរចេញពីប្រទេសដែលមានក្នុងបញ្ជីហាមឃាត់ចូលមកក្នុងទឹកដីអង់គ្លេសបាន តែពួកគេត្រូវធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគាររយៈពេល ១០ ថ្ងៃក្រោយពេលមកដល់ប្រទេសអង់គ្លេសភ្លាម៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍