អតីតរដ្ឋមន្ត្រីក្នុងប្រទេសអាហ្គានីស្ថានម្នាក់បានក្លាយជាអ្នកដឹកជញ្ជូនម្ហូបអាហារក្នុងប្រទេសអាឡឺម៉ង់
អតីតរដ្ឋមន្ត្រីក្នុងប្រទេសអាហ្គានីស្ថានម្នាក់ត្រូវបានសារព័ត៌មាន Yahoo News រាយការណ៍ថា ពេលនេះគាត់បានក្លាយជាអ្នកដឹកជញ្ជូនម្ហូបអាហារនៅក្នុងប្រទេសអាឡឺម៉ង់។ អតីតមន្ត្រីជាន់ខ្ពស់អាហ្គានីស្ថានរូបនេះមានឈ្មោះថា Sayed Sadaat អាយុ ៤៩ ឆ្នាំ ហើយនាពេលកន្លងមកគាត់ធ្លាប់បានកាន់ដំណែងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងក្នុងរដ្ឋាភិបាលរបស់ប្រទេសអាហ្គានីស្ថានអស់រយៈពេល ២ ឆ្នាំផងដែរ។ ប្រភពខាងលើបានបន្តថា នៅក្នុងឆ្នាំ ២០១៨ លោក Sayed Sadaat បានសម្រេចលាឈប់ពីតំណែងជារដ្ឋមន្ត្រី ព្រោះតែលោកមានគំនិតមិនស្របគ្នាជាមួយនឹងសមាជិករដ្ឋាភិបាលអាហ្គានីស្ថានជាច្រើននាក់ ដ្បិតរូបគាត់ចង់ធ្វើការងារជាលក្ខណៈបើកចំហរ តែគេផ្សេងចង់ធ្វើការងារបែបលាក់បាំងភ្នែកមហាជនដើម្បីរក្សាប្រយោជន៍ផ្ទាល់ខ្លួន។

បុរសជាកូនកាត់អង់គ្លេស-អាហ្គានីស្ថានរូបនេះបានទៅដល់ប្រទេសអាឡឺម៉ង់នៅចុងឆ្នាំ ២០២០ ដោយរំពឹងថាគាត់អាចនឹងរកបានការងារល្អមួយស្របតាមជំនាញនិងបទពិសោធន៍ដែលគាត់ធ្លាប់មាននាពេលកន្លងមក។ តែយ៉ាងណាក្តី ជំនាញផ្នែកព័ត៌មានវិទ្យានិងទំនាក់ទំនងដែលគាត់បានរៀននៅសាកលវិទ្យាល័យរួមបញ្ចូលជាមួយនឹងបទពិសោធន៍ជារដ្ឋមន្ត្រីមិនអាចជួយឲ្យគាត់រកបានការងារល្អប្រសើរមួយនៅក្នុងប្រទេសអាឡឺម៉ង់ឡើយ ពោលគឺគាត់អាចរកបានត្រឹមការងារជាអ្នកដឹកជញ្ជូនប៉ុណ្ណោះ។ សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំមានពលរដ្ឋអាហ្គានីស្ថានជាច្រើននាក់បាននាំគ្នាទៅប្រកបការងារផ្សេងៗក្នុងប្រទេសអាឡឺម៉ង់ ហើយក្រោយពេលក្រុមតាលីប៉ង់បានផ្តួលរលំរដ្ឋាភិបាលអាហ្គានីស្ថានកាលពីពេលថ្មីៗនេះ ចំនួនពលរដ្អាហ្គានីស្ថានដែលធ្វើចំណាកស្រុកទៅកាន់ប្រទេសអាឡឺម៉ង់បានកើនឡើងរហូតដល់ ១៣០% ឯណោះ៕


អត្ថបទ៖ ភក្តី
ប្រភព៖ Yahoo News