ចិនអនុវត្តច្បាប់ថ្មីកំណត់ឲ្យយុវជនអាយុក្រោម ១៨ឆ្នាំអាចលេងហ្គេម Online បាន ១ម៉ោងក្នុង ១ថ្ងៃ និងសរុបត្រឹម ៣ម៉ោងប៉ុណ្ណោះក្នុង ១សប្តាហ៍
ចិន៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា កាលពីថ្ងៃចន្ទ ទី ៣០ ខែសីហា ម្សិលមិញនេះប្រទេសចិនបានសម្រេចដាក់ចេញនូវច្បាប់ថ្មីមួយ ដែលកំណត់ឲ្យក្រុមយុវជនក្មេងៗអាចលេងហ្គេម Online បានត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍។ ច្បាប់ថ្មីនេះត្រូវបានដាក់ចេញក្នុងគោលបំណងដើម្បីរក្សានូវសណ្តាប់ធ្នាប់សង្គម លើកកម្ពស់ការអប់រំ និងសេដ្ឋកិច្ច តាមរយៈការទប់ស្កាត់មិនឲ្យក្រុមយុវជនដែលជាកម្លាំងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសក្លាយជាមនុស្សញៀននឹងការលេងហ្គេមកម្រិតធ្ងន់ធ្ងររហូតធ្លាក់ខ្លួនក្លាយជាបញ្ហារបស់សង្គមទៅវិញ។

តាមរយៈច្បាប់ថ្មីនេះបានកំណត់ថា ក្រុមយុវជនដែលមានអាយុក្រោម ១៨ ឆ្នាំ អាចលេងហ្គេម Online នៅក្នុងឧបករណ៍ផ្សេងៗគ្នាបានត្រឹម ១ ម៉ោងប៉ុណ្ណោះនៅក្នុងមួយថ្ងៃ គឺនៅម៉ោង ៨-៩ យប់ រៀងរាល់ថ្ងៃ សុក្រ សៅរ៍ និងអាទិត្យ ខណៈនៅក្នុងថ្ងៃឈប់សម្រាកឬបុណ្យជាតិ ក្រុមយុវជនចិននឹងទទួលបានពេលវេលាសម្រាប់លេងហ្គេមបន្ថែម ១ ម៉ោងទៀតនៅក្នុង ១ថ្ងៃ និងស្ថិតនៅចន្លោះម៉ោង ៨-៩ យប់ដដែល។
ក្នុងការអនុវត្តច្បាប់នេះគឺក្រុមយុវជនចិនចាំបាច់ត្រូវចុះឈ្មោះពិតប្រាកដរបស់ពួកគេសម្រាប់ការលេងហ្គេម ខណៈអាជ្ញាធរនឹងប្រើប្រាស់បច្ចេកវិទ្យាយ៉ាងទំនើបសម្រាប់តាមដានរាល់សកម្មភាពលេងហ្គេមរបស់ក្រុមយុវជនម្នាក់ៗដើម្បីធានាឲ្យបានថា ការលួចលេងហ្គេមខុសពីលក្ខខណ្ឌខាងលើនេះគឺមិនអាចទៅរួចឡើយ។
គួរបញ្ជាក់ជូនថា ការអនុវត្តច្បាប់ថ្មីនេះក៏បានធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនដែលមានការទាក់ទងនឹងវិស័យហ្គេម Online ក្នុងប្រទេសចិនត្រូវខាតបង់ប្រាក់ចំណូលយ៉ាងច្រើនផងដែរ តែយ៉ាងណាក្តីរដ្ឋាភិបាលចិនត្រូវតែសម្រេចអនុវត្តច្បាប់នេះដើម្បីអនាគតរបស់ក្រុមយុវជននិងប្រទេសជាតិនាពេលខាងមុខ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia