ក្រុមហ៊ុន Pfizer ធ្វើការសាកល្បងថ្នាំលេបបង្ការកូវីដ ១៩ ថ្មីមួយ
កាលពីថ្ងៃទី ១ ខែ កញ្ញាម្សិលមិញនេះ ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Merck & Co បានប្រកាសថា ដំណើរការនៃផលិតវ៉ាក់សាំងបង្ការជំំងឺកូវីដ ១៩ ជាប្រភេទថ្នាំលេបបានឈានដល់ដំណាក់កាលពិសោធន៍ថ្មីមួយទៀតហើយ ដែលវាជាការបោះជំហ៊ានវិជ្ជមានទៅមុខមួយកម្រិតទៀតផងដែរសម្រាប់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ គេនៅចាំបានថា កាលពីអំឡុងខែមិថុនាកន្លងទៅក្រុមហ៊ុនផលិតឱសថធំៗទាំង ២ ខាងលើនេះ ធ្លាប់បានប្រកាសពីសាកល្បងប្រើប្រាស់ថ្នាំលេបបង្ការជំងឺកូវីដម្តងរួចហើយ ដោយពេលនោះក្រុមហ៊ុនបានបង្ហាញនូវក្តីរំពឹងថា ថាំលេបបង្ការកូវីដអាចនឹងមានវត្តមានជាផ្លូវការនៅចុងឆ្នាំនេះទៀតផង។

បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា សម្រាប់ការសាកល្បងថ្មីនេះគឺគេនឹងធ្វើការពិសោធន៍ចំពោះក្រុមយុវជនចំនួន ១,១៤០ នាក់ ដែលជាអ្នកគ្មានជំងឺប្រចាំខ្លួន ហើយថ្នាំលេបដែលគេនឹងប្រើប្រាស់សម្រាប់ពួកគាត់នោះគឺជាថ្នាំប្រភេទ PF-07321332 ដែលត្រូវបានគេបំប្លែងចេញពីវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer។ ប្រសិនបើលទ្ធផលនៃការពិសោធន៍លើនេះទទួលបានជោគជ័យទៀតគឺគេនឹងអាចផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជាថ្នាំគ្រាប់បានជាផ្លូវការតែម្តង ខណៈវ៉ាក់សាំងគ្រាប់នឹងមានគុណសម្បត្តិជាច្រើនបើធៀបទៅនឹងវ៉ាក់សាំងចាក់ ដូចជាងាយស្រួលចែកចាយ រក្សាទុក ចំណេញពេលវេលា ហើយចំពោះពលរដ្ឋត្រូវមកទទួលវ៉ាក់សាំងក៏មានភាពងាយស្រួលដែរ ពោលគឺពួកគេចាំបាច់ត្រូវប្រឈមនឹងអារម្មណ៍ខ្លាចម្ជុលនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia