ស្ត្រីជាអ្នកជំងឺកូវីដម្នាក់សម្រាលកូនតែម្នាក់ឯងដោយសុវត្ថិភាព ក្រោយគេយកគាត់ទុកចោលក្នុងបន្ទប់ដាច់ដោយឡែកមួយតែម្នាក់ឯង
ម៉ាឡេស៊ី៖ សារព័ត៌មាន World of Buzz បានរាយការណ៍ថា មានស្រ្តីមានផ្ទៃពោះនិងជាអ្នកជំងឺកូវីដ ១៩ ម្នាក់បានសម្រាលកូនតែម្នាក់ឯងប្រកបដោយសុវត្ថិភាព បន្ទាប់ពីគេបានយកគាត់ទៅទុកចោលក្នុងបន្ទប់មួយតែម្នាក់ឯង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងរដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី ខណៈស្រ្តីជាអ្នកជំងឺកូវីដ ១៩ រូបនេះត្រូវបានគេដឹងថា មានអាយុ ៣៦ ឆ្នាំ ហើយកូនដែលគាត់បានសម្រាលតែម្នាក់ឯងនោះគឺជាកូនទី ៤ របស់គាត់ផងដែរ។

ប្រភពខាងលើបានបន្តថា ពេលទៅដល់មន្ទីរពេទ្យភ្លាមគេបានធ្វើតេស្តស្រ្តីរូបនេះរួមជាមួយនឹងប្តីរបស់គាត់ ហើយពេលនោះលទ្ធផលបានបង្ហាញថា ប្តីរបស់គាត់គឺវិជ្ជមានកូវីដ ១៩។ ក្រោយការរកឃើញដូចនេះ គេក៏សម្រេចឲ្យប្តីប្រពន្ធ ២ នាក់នេះត្រូវនៅដាក់ដោយឡែកពីគ្នា ដោយបុរសជាប្តីត្រូវបញ្ជូនទៅព្យាបាលជំងឺកូវីដ ហើយស្រ្តីជាប្រពន្ធត្រូវបានគេយកទៅដាក់ក្នុងបន្ទប់សម្រាលកូនដាច់ដោយឡែកមួយតែម្នាក់ដើម្បីរងចាំមើលទល្ធផលតេស្តកូវីដ ១៩ ខណៈដែលរូបគាត់បានពពោះ ៣៩ សប្តាហ៍រួចទៅហើយ ពោលគឺដល់ពេលត្រូវសម្រាលកូនតែម្តង។ ក្នុងអំឡុងពេលនៅក្នុងបន្ទប់តែម្នាក់នោះស្រ្តីរូបនេះក៏បានសម្រាលកូនតែម្តង ហើយខាងគ្រូពេទ្យក៏មិនបានដឹងរឿងនេះដែរព្រោះតែបន្ទប់របស់គាត់នៅដាច់ដោយឡែកឆ្ងាយពីគេ ហើយការសម្រាលកូននេះទៀតសោធបានកើតឡើង ៦ ម៉ោងមុនពេលកំណត់ដែលខាងគ្រូពេទ្យធ្លាប់បានព្យាករណ៍ទុកទៀតផង។ ខាងគ្រូពេទ្យបានបញ្ជាក់ថា ក្រោយសម្រាលកូនរួចលទ្ធផលតេស្តក៏បានបង្ហាញថាស្រ្តីរូបនេះបានឆ្លងកូវីដ ១៩ ផងដែរ។ យ៉ាងណាក្តី រឿងរ៉ាវខាងលើនេះគឺជាការអះអាងរបស់ខាងមន្ទីរពេទ្យ ហើយសម្រាប់អាជ្ញាធរម៉ាឡេស៊ីវិញក៏កំពុងបើកការស៊ើបអង្កេតជុំវិញករណីនេះផងដែរ ដើម្បីឲ្យដឹងច្បាស់ថាខាងមន្ទីរពេទ្យបានយកស្រ្តីរូបនេះទៅទុកចោលរហូតដល់គាត់បានសម្រាកកូនតែម្នាក់ឯងព្រោះរើសអើងគាត់ជាអ្នកជំងឺកូវីដ ១៩ ឬក៏រឿងរ៉ាវបានកើតឡើងដូចការរៀបរាប់ខាងលើនេះមែន៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz