ម៉ាឡេស៊ីយកកម្មវិធី “Phuket sandbox” របស់ថៃទៅអនុវត្តនៅលើកោះទេសចរណ៍មួយរបស់ខ្លួនដើម្បីសង្រ្គោះសេដ្ឋកិច្ចជាតិក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ ១៩
ម៉ាឡេស៊ី៖ ដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ នេះ រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីគ្រោងនឹងយកកម្មវិធី “Phuket sandbox” របស់ប្រទេសថៃទៅអនុវត្តនៅលើកោះទេសចរណ៍ដ៏សំខាន់មួយរបស់ខ្លួនផងដែរ។ “Phuket sandbox” គឺជាគម្រោងមួយដែលត្រូវបានអនុវត្តដំបូងគេនៅក្នុងខេត្តភូកេតប្រទេសថៃ ហើយតាមរយៈគម្រោងនេះគឺគេនឹងអនុញ្ញាតឲ្យភ្ញៀវទេសចរណ៍អន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួច អាចចូលមកកំសាន្តនៅក្នុងខេត្តភូកេតដោយមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កនោះទេ។

បើតាមលោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានឲ្យដឹងថា ម៉ាឡេស៊ីនឹងនាំយកកម្មវិធី “Phuket sandbox” ទៅអនុវត្តនៅលើកោះដែលជាតំបន់ទេសចរណ៍ដ៏មានសត្តានុពលមួយគឺកោះ Langkawi ដែលស្ថិតនៅក្នុងរដ្ឋ Kedah ហើយការអនុវត្តនឹងត្រូវចាប់ផ្តើមពីថ្ងៃទី ១៦ កញ្ញានេះតទៅផងដែរ។ គួររម្លឹកជូនថា ដ្បិតតែកម្មវិធី “Phuket sandbox” អាចជួយទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនឲ្យចូលមកកំសាន្តនៅក្នុងខេត្តភូកេតរបស់ថៃក៏ពិតមែន តែថ្មីៗនេះអាជ្ញាធរថៃបានរាយការណ៍ថា ខេត្តភូកេតកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ កម្រិតធ្ងន់ធ្ងរផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍