ថៃនឹងផ្តើមចាក់វ៉ាក់សាំងលាយគ្នារវាង AstraZeneca និង Pfizer ជូនពលរដ្ឋខ្លួននៅដើមខែក្រោយនេះ
ថៃ៖ ការសែត បាងកកប៉ុស្តិ៍ បានរាយការណ៍ថា អាជ្ញាធរសុខាភិបាលថៃគ្រោងនឹងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចម្រុះប្រភេទគ្នា ពោលគឺចាក់លាយគ្នារវាងវ៉ាក់សាំង AstraZeneca និង Pfizer ជូនពលរដ្ឋខ្លួននៅដើមខែក្រោយនេះហើយ។ បើតាមលោកវេជ្ជបណ្ឌិត Sophon Iamsirithavorn ដែលជានាយករងនៃនាយករដ្ឋានគ្រប់គ្រងជំងឺឆ្លងបានឲ្យដឹងថា ការសម្រេចចាក់វ៉ាក់សាំងចម្រុះគ្នារវាងវ៉ាក់សាំងទាំង ២ប្រភេទខាងលើនេះត្រូវបានធ្វើឡើងតាមអនុសាសន៍របស់ក្រុមអ្នកជំនាញថៃនិងផ្អែកលើការសិក្សាជាលក្ខណៈអន្តរជាតិដែលបង្ហាញថា ជម្រើសនៃការការចាក់វ៉ាក់សាំង AstraZeneca- Pfizer នឹងជួយបង្កើតប្រព័ន្ធការពាររាងកាយបានយ៉ាងរឹងមាំសម្រាប់ប្រឆាំងនឹងមេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មី។

លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា កម្រោងនៃការចាក់វ៉ាក់សាំងចម្រុះប្រភេទគ្នានេះនឹងត្រូវធ្វើឡើងចំពោះក្រុមពលរដ្ឋដែលមានអាយុលើសពី ១៨ ឆ្នាំ ហើយវ៉ាក់សាំងប្រភេទ AstraZeneca នឹងត្រូវប្រើប្រាស់ជាវ៉ាក់សាំងដូសទី ១ ខណៈការចាក់វ៉ាក់សាំង Pfizer សម្រាប់ដូសទី ២នោះនឹងត្រូវធ្វើឡើងនៅក្នុងរយៈ ១២ សប្តាហ៍ក្រោយចាក់វ៉ាក់សាំងដូសទី ១រួច។ គួរបញ្ជាក់ថា ជម្រើសនៃការចាក់វ៉ាក់សាំងចម្រុះប្រភេទគ្នាមិនមែនជារឿងថ្មីនោះទេសម្រាប់ប្រទេសថៃ ដ្បិតនាពេលកន្លងថៃក៏ធ្លាប់អនុវត្តការចាក់វ៉ាក់សាំងលាយគ្នាដូចនេះដែរ តែជាការបញ្ចូលគ្នារវាងវ៉ាក់សាំង Sinovac និងវ៉ាក់សាំង AstraZeneca៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍