ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃនឹងផ្តល់ប្រាក់សំណងជាង ១១០ លានបាតទៅកាន់ពលរដ្ឋជាង ២ពាន់នាក់ ដែលបានទទួលរងផលប៉ះពាល់ក្រោយចាក់វ៉ាក់សាំងកូវីដរួច

    BY Pheakdey September 4, 2021
    ថៃនឹងផ្តល់ប្រាក់សំណងជាង ១១០ លានបាតទៅកាន់ពលរដ្ឋជាង ២ពាន់នាក់ ដែលបានទទួលរងផលប៉ះពាល់ក្រោយចាក់វ៉ាក់សាំងកូវីដរួច

    ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា រដ្ឋាភិបាលថៃនឹងផ្តល់ប្រាក់សំណងសរុបចំនួន ១១០,២៩៥,០០០ លានបាត ( ៣,៣៩៥,៧៨២ ដុល្លារអាមេរិក) ទៅកាន់ក្រុមពលរដ្ឋថៃមួយចំនួនដែលបានទទួលរងផលប៉ះពាល់ក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួច។ បើតាមលោក Jadet Thammathat-Aree ដែលជាអគ្គលេខាធិការនៃការិយាល័យសន្តិសុខសុខភាពជាតិ (NHSO) បានឲ្យដឹងថា សម្រាប់ក្រុមពលរដ្ឋដែលត្រូវទទួលបានប្រាក់សំណងនៅពេលនេះគឺមានចំនួនសរុប ២,៨៧៥ នាក់ ក្នុងនោះមានពលរដ្ឋចំនួន ២,៦៤១ នាក់គឺជាអ្នកទទួលរងផលប៉ះពាក់កម្រិតស្រាលដោយពួកគាត់ត្រូវបន្តប្រើប្រាស់ថ្នាំពេទ្យមួយចំនួនក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩រួច, ពលរដ្ឋចំនួន ១២នាក់គឺជាអ្នកទទួលរងផលប៉ះពាល់កម្រិតមធ្យមដោយពួកគាត់ត្រូវកើតមាននូវពិការភាពផ្សេងៗលើរាងកាយ និងពលរដ្ឋចំនួន ២២២ នាក់ផ្សេងទៀតគឺជាអ្នកទទួលរងនូវប៉ះពាល់កម្រិតធ្ងន់ពោលគឺរហូតដល់ស្លាប់បាត់បង់ជីវិត។

    លោកវេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់ថា សម្រាប់ក្រុមពលរដ្ឋដែលទទួលរងនូវប៉ះពាល់កម្រិតស្រាលនឹងទទួលបានប្រាក់សំណងក្នុងទំហំផ្សេងៗគ្នាអាស្រ័យទៅតាមស្ថានភាពជាក់ស្តែងរបស់ពួកគាត់ម្នាក់ៗ ហើយទំហំប្រាក់សំណងច្រើនបំផុតអាចមានចំនួន ១០០ ០០០ បាត ( ៣,០៧៨ ដុល្លារ), អ្នករងផលប៉ះពាល់កម្រិតមធ្យមនឹងទទួលបានប្រាក់សំណងម្នាក់ ២៤០ ០០០ បាត (៧,៣៩០ ដុល្លារ) ខណៈក្រុមគ្រួសាររបស់ជនរងគ្រោះដល់កម្រិតស្លាប់បាត់បង់ជីវិតនឹងទទួលបានប្រាក់សំណងរហូតដល់ ៤០០ ០០០ បាត (១២,៣១៥ ដុល្លារ)៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: