ស្រ្តីថៃម្នាក់បើករថយន្តប៉ះគ្នាតិចតួចតែប្រកែកមិនឈ្នះគេ សុខចិត្តដោះសំលៀកបំពាក់ចោលតវ៉ាតែម្តង
ថៃ៖ ស្ត្រីជនជាតិថៃម្នាក់ត្រូវបានគេប្រទះឃើញឈរឈ្លោះប្រកែកជាមួយគេទាំងអាក្រាតកាយនៅលើដងផ្លូវ ក្រោយរថយន្តរបស់គាត់បានបុកគ្នាជាមួយនឹងរថយន្តរបស់អ្នកដំណើរម្នាក់ផ្សេងទៀត។ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅលើដងផ្លូវសាធារណៈមួយកន្លែងក្នុងខេត្ត Chon Buri កាលពីម៉ោង ៧ ព្រឹកថ្ងៃទី៦ ខែកញ្ញា។ ស្រ្តីដែលហ៊ានដោះសំលៀកបំពាក់អស់ពីរាងកាយដើម្បីចេញមកដោះស្រាយវិវាទចរាចរណ៍រូបនេះត្រូវបានប្រភពខាងលើបញ្ជាក់ថា មានអាយុ ៥៨ ឆ្នាំ តែអត្តសញ្ញាណពិតប្រាកដរបស់គាត់និងភាគីជំលោះម្ខាងទៀតមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ។

ប្រភពខាងលើបានបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នោះគេមិនបានដឹងថា ភាគីណាមួយជាអ្នកខុសនោះទេតែអ្វីដែលសាក្សីនៅកន្លែងកើតហេតុបានឃើញនោះគឺ រថយន្តរបស់ស្រ្តីវ័យ ៥៨ ឆ្នាំខាងលើបានប៉ះទង្គិចជាមួយរថយន្តមួយផ្សេងទៀត ហើយក្រោយមកភាគីទាំងសងខាងបានឈ្មោះប្រកែកគ្នា ហើយទំនងជាប្រកែកមិនឈ្នះគេទើបស្រ្តីចំណាស់រូបនេះសម្រេចដោះសំលៀកបំពាក់ចោលនិងចេញមកឈ្លោះប្រកែកខ្លាំងៗទាំងម្តង។
បន្តិចក្រោយមកខាងប៉ូលិសក៏បានដល់កន្លែងកើតហេតុតែគេមិនអាចដោះស្រាយវិវាទចរាចរណ៍បានភ្លាមៗនោះទេ ដ្បិតស្រ្តីរូបនេះបានអះអាងថាគាត់ជាអ្នកជំងឺកូវីដ ១៩។ យ៉ាងណាក្តី ក្រោយមកទៀតខាងបុគ្គលិកសុខាភិបាលដែលបានស្លៀកពាក់ឈុតការពារក៏បានទៅយកស្រ្តីរូបនេះទៅមន្ទីរពេទ្យទើបខាងប៉ូលិសអាចបន្តដោះស្រាយវិវាទចរាចរណ៍បាន ខណៈខាងសាច់ញាតិរបស់ស្រ្តីរូបនេះបានប្រាប់ឲ្យដឹងថា គាត់ជាមនុស្សម្នាក់ដែលធ្លាប់មានជំងឺសតិអារម្មណ៍ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger