ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមកាត់ទោសបុរសម្នាក់ឲ្យជាប់គុក ៥ឆ្នាំ ក្រោយបំពានវិធានការកូវីដ ១៩ ហើយចម្លងមេរោគកូវីដទៅមនុស្សជាច្រើន

    BY Pheakdey September 7, 2021
    វៀតណាមកាត់ទោសបុរសម្នាក់ឲ្យជាប់គុក ៥ឆ្នាំ ក្រោយបំពានវិធានការកូវីដ ១៩ ហើយចម្លងមេរោគកូវីដទៅមនុស្សជាច្រើន

    វៀតណាម៖ កាលពីថ្ងៃចន្ទ ទី ៦ ខែកញ្ញា ម្សិលមិញនេះ តុលាការវៀតណាមបានកាត់ទោសឲ្យបុរសម្នាក់ជាប់គុករយៈពេល ៥ឆ្នាំ ក្រោយរូបគាត់បានធ្វើសកម្មភាពបំពាននឹងវិធានការកូវីដ ១៩ និងបានចម្លងមេរោគដ៏កាចសាហាវមួយនេះទៅកាន់អ្នកដទៃ។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Straits Times បានឲ្យដឹងថា​ បុរសវៀតណាមរូបនេះមានឈ្មោះថា Le Van Tri អាយុ ២៨​ ឆ្នាំ ហើយនាពេលកន្លងមករូបគាត់បានធ្វើដំណើរពីខេត្ត Ca Mau ភាគខាងត្បូងប្រទេសវៀតណាមចូលទៅកាន់ទីក្រុងហូជីមិញទាំងដែលរូបគាត់កំពុងស្ថិតនៅក្នុងដំណាក់កាលត្រូវធ្វើចត្តាឡីស័ករយៈពេល ២១ ថ្ងៃ។

    យោងតាមតុលាការវៀតណាមបានរកឃើញថា ក្រោយបានធ្វើសកម្មភាពបំពាននឹងវិធានការរបស់អាជ្ញាធរដូចបានជម្រាបជូនខាងលើនេះ លោក Le Van Tri បានចម្លងជំងឺកូវីដ ១៩ នៅកាន់មនុស្សចំ​នួន ៨ នាក់ផ្សេងទៀត ហើយក្នុងនោះក៏មានជនរងគ្រោះម្នាក់ត្រូវបាត់បង់ជីវិតទៀតផង ក្រោយឆ្លងជំងឺកូវីដ ១៩ បានមួយខែ។ ផ្អែកលើទំហំបទល្មើសនេះ តុលាការវៀតណាមក៏បានសម្រេចផ្តន្ទាទោសឲ្យលោក Le Van Tri ជាប់គុករយៈពេល ៥ឆ្នាំពីបទ “ធ្វើឲ្យមានការរាតត្បាតជំងឺកាចសាហាវទៅក្នុងសហគមន៍”។ គួរម្លឹកថា នាពេលកន្លងមកតុលាការវៀតណាមក៏ធ្លាប់កាត់ទោសឲ្យពលរដ្ឋចំនួន ២ នាក់ផ្សេងទៀតជាប់គុកក្នុងករណីស្រដៀងគ្នានេះផងដែរ ដោយក្នុងនោះមានពលរដ្ឋម្នាក់ត្រូវជាប់គុករយៈពេល ១៨ខែ និងម្នាក់ទៀត្រូវជាប់គុករហូតដល់ ២ឆ្នាំ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Straits Times

    Share This Post: