ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃត្រៀមរួចរាល់សម្រាប់ការបញ្ជាទិញថ្នាំលេបប្រឆាំងកូវីដ ១៩ ដំបូងគេយកទៅប្រើប្រាស់

    BY Pheakdey September 8, 2021
    ថៃត្រៀមរួចរាល់សម្រាប់ការបញ្ជាទិញថ្នាំលេបប្រឆាំងកូវីដ ១៩ ដំបូងគេយកទៅប្រើប្រាស់

    ការសែត The National Thailand បានរាយការណ៍ថា អាជ្ញាធរសុខាភិបាលថៃបានត្រៀមខ្លួនរួចហើយក្នុងការបញ្ជាទិញថ្នាំលេបប្រឆាំងនឹងជំងឺកូវីដ ១៩  ដែលថ្នាំដំបូងគេបង្អស់ផងដែរនៅក្នុងពិភពលោក។ ថ្នាំកូវីដ ១៩ ដែលថៃគ្រោងទិញនោះមានឈ្មោះថា Molnupiravir អភិវឌ្ឍឡើងដោយក្រុមហ៊ុន Merck និងក្រុមហ៊ុន Ridgeback Therapeutics ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។ បើតាមលោក Somsak Ankasil ដែលជាប្រធាននាយកដ្ឋានសេវាកម្មវេជ្ជសាស្រ្តថៃបានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ននេះថ្នាំកូវីដប្រភេទ Molnupiravir កំពុងស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្តលើកទី ៣ ដែលជាដំណាក់កាលចុងក្រោយបង្អស់ ហើយលទ្ធផលនៃការធ្វើតេស្តសាកល្បងនឹងត្រូវដឹងនៅត្រឹមចុងខែនេះផងដែរ។

    ប្រធាននាយកដ្ឋានរូបនេះបានបន្តថា បើទោះជាថ្នាំកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងក៏ដោយ តែអាជ្ញាធរសុខាភិបាលថៃទទួលបានភ្លើងខៀវរួចហើយក្នុងនាំយកថ្នាំប្រភេទនេះមកប្រើប្រាស់ ពោលគឺនៅពេលដែលមានការទទួលស្គាល់អំពីប្រសិទ្ធភាពរបស់ថ្នាំជាផ្លូវការភ្លាម ថៃនឹងមានសិទ្ធនាំយកថ្នាំនេះមកប្រើប្រាស់ភ្លាមផងដែរ ប្រសិនបើគ្មានបញ្ហាពីខាងក្រុមហ៊ុននោះទេ។ សូមបញ្ជាក់ជូនថា ប្រសិនបើការផលិតថ្នាំ Molnupiravir ទទួលបានជោគជ័យមែនគឺថ្នាំប្រភេទនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់ចំពោះអ្នកជំងឺកូវីដ ១៩ កម្រិតស្រាល ដោយអ្នកជំងឺម្នាក់ត្រូវលេបថ្នាំនេះចំនួន ៤០ គ្រាប់ក្នុងរយៈពេល ៥ ថ្ងៃ សម្រាប់ការព្យាបាលជំងឺកូវីដ ១៩៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The National Thailand

     

    Share This Post: