ថៃគ្រោងចាក់វ៉ាក់សាំងកូវីដ ១៩ ជូនពលរដ្ឋវ័យក្មេងដែលមានអាយុត្រឹម ៣ឆ្នាំ
ថៃ៖ កាលពីថ្ងៃពុធ ទី ៨ ខែកញ្ញា ម្សិលមិញនេះ រដ្ឋបាលផ្នែកចំណីអាហារនិងឱសថនៃប្រទេសថៃបានប្រកាសពីគម្រោងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ថ្មីមួយ ដោយខាងអាជ្ញាធរគ្រោងនឹងចាក់វ៉ាក់សាំងជូនពលរដ្ឋវ័យក្មេងដែលមានអាយុចាប់ពី ៣ ឆ្នាំឡើង។ បើតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា សំណើសុំការអនុញ្ញាតចាក់វ៉ាក់សាំងជូនពលរដ្ឋវ័យក្មេងនេះបានបញ្ជូនទៅដល់អាជ្ញាធរសុខាភិបាលថៃរួចរាល់ហើយ ខណៈការសម្រេចយ៉ាងណានោះនឹងត្រូវបង្ហាញឲ្យដឹងក្នុងចន្លោះពេល ៣០ ថ្ងៃ។

បើតាមលោក Paisarn Dankum ដែលជាអគ្គលេខាធិការនៃរដ្ឋបាលផ្នែកចំណីអាហារនិងឱសថថៃបានឲ្យដឹងថា តាមគម្រោងគឺគេនឹងប្រើប្រាស់វ៉ាក់សាំង Pfizer និង Moderna សម្រាប់ចាក់ជូនពលរដ្ឋវ័យក្មេងដែលមានអាយុពី ៣ឆ្នាំដល់ ១៨ ឆ្នាំ ខណៈពេលនេះក្រុមអ្នកជំនាញថៃក៏ពុងសិក្សាអំពីជម្រើសនៃការចាក់វ៉ាក់សាំង Sinovac ជូនពលរដ្ឋវ័យក្មេងផងដែរ។ អគ្គលេខាធិការរូបនេះបានបញ្ជាក់ផងដែរ ប្រសិនគ្មានបញ្ហាជំទាស់អ្វីនោះទេគឺខាងអាជ្ញាធរសុខាភិបាលថៃអាចនឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋវ័យក្មេងនៅត្រឹមចុងខែនេះតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍