អន្តរជាតិ

វៀតណាមបន្តបិទខ្ទប់ទីក្រុងហូជីមិញរហូតដល់ចុងខែកញ្ញា ក្រោយការរាតត្បាតជំងឺកូវីដ ១៩ ហាក់មិនថយចុះ

BY
Pheakdey
September 13, 2021

វៀតណាម៖ កាលពីព្រឹកថ្ងៃចន្ទ ទី ១៣ ខែកញ្ញានេះ រដ្ឋាភិបាលនៃប្រទេសវៀតណាមបានសម្រេចអនុវត្តវិធានការបិទខ្ទប់ទីក្រុងហូជីមិញជាបន្តទៀត ក្រោយការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងទីក្រុងមួយនេះហាក់មិនថយចុះទាល់តែសោះ។ តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរវៀតណាមគឺក្រុងហូជីមិញ ដែលមានប្រជាពលរដ្ឋកំពុងរស់នៅជាង ៩លាននាក់នោះនឹងត្រូវបិទខ្ទប់រហូតដល់ចុងខែកញ្ញានេះ ឬអាចបន្តយូរជាងនេះប្រសិនបើស្ថានភាពរាតត្បាតជំងឺកូវីដ ១៩ កាន់តែអាក្រក់ឡើង។

គួរបញ្ជាក់ថា ហូជីមិញគឺជាទីក្រុងសេដ្ឋកិច្ចដ៏សំខាន់និងជាក្រុងមានផ្ទៃដីធំបំផុតរបស់ប្រទេសវៀតណាម ហើយទីក្រុងមួយនេះបានបានអនុវត្តវិធានការបិទខ្ទប់ជាច្រើនសប្តាហ៍មកហើយ។ សូមបញ្ជាក់ជូនផងដែរថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះវៀតណាមមានអាត្រាអ្នកឆ្លងកូវីដ ១៩ ជាង ១ម៉ឺននាក់ក្នុងមួយថ្ងៃ ខណៈតួលេខអ្នកឆ្លងសរុបគិតត្រឹមពេលនេះគឺមានចំនួនជាង ៦១ម៉ឺននាក់ និងស្លាប់សរុបជាង ១,៥ម៉ឺននាក់។ ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ វិញគឺគិតត្រឹមពេលនេះអាជ្ញាធរវៀតណាមទើបសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួនបាន ៥,២% ប៉ុណ្ណោះនៃចំនួនពលរដ្ឋសរុបជាង ៩៨លាននាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: