អន្តរជាតិ

តុលាការសិង្ហបុរីកាត់ទោសស្រ្តីម្នាក់ជាប់គុក ៧ ខែ ក្រោយកុហកអាជ្ញាធរថាបាត់បង់ការងារ ដើម្បីទទួលបានប្រាក់ជំនួយកូវីដចំនួន…

BY
Pheakdey
September 13, 2021

សិង្ហបុរី៖ កាលពីព្រឹកថ្ងៃចន្ទ ទី ១៣ ខែកញ្ញានេះតុលាការសិង្ហបុរីបានកាត់ទោសស្រ្តីម្នាក់ឲ្យជាប់គុករយៈពេល ៧ ខែ បន្ទាប់ពីរូបគាត់បានកុហកនិងបោកប្រាស់អាជ្ញាធរដើម្បីទទួលបានប្រាក់ជំនួយកូវីដ ១៩ ចំនួន ៤,០០០ ដុល្លារសិង្ហបុរី (២,៩៧៦ ដុល្លារអាមេរិក)។ បើតាមការចុះផ្សាយនៅតាមរយៈបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ស្រ្តីដែលជាជនបោកប្រាស់អាជ្ញាធររូបនេះមានឈ្មោះថា Tiong Shi Lin អាយុ ៣២ ជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែងក្នុងប្រទេសសិង្ហបុរី។ យ៉ាងណាក្តី កាលពីខែកុម្ភៈឆ្នាំ ២០២០​ កន្លងទៅ ស្រី្តរូបនេះត្រូវបានគេបញ្ឈប់ពីការងារ ព្រោះពេលនោះវិបត្តិនៃជំងឺកូវីដ ១៩ បានបង្ខំឲ្យក្រុមហ៊ុនជាច្រើនត្រូវផ្អាកដំណើរ ហើយក្រោយមកនៅអំឡុងខែឧសភាក្នុងឆ្នាំដដែលនោះគាត់ក៏រកបានការងារថ្មីមួយនិងទទួលបានប្រាក់ខែសមរម្យផងដែរ។

បើទោះជាយ៉ា​ងនេះក្តី អ្នកនាង Tiong Shi Lin នៅតែកុហកអាជ្ញាធរថាគាត់បានបាត់បង់ការងារព្រោះវិបត្តិនៃជំងឺកូវីដ ១៩ ដោយគាត់នៅបន្តប្រើប្រាស់ឯកសារបញ្ឈប់ពីការងារចាស់និងក្លែងឯកសារថ្មីមួយចំនួនដើម្បីបញ្ជាក់ថា គាត់គឺជាជនរងគ្រោះដែលត្រូវទទួលបានប្រាក់ជំនួយពីរដ្ឋាភិបាល។ នាពេលកន្លងមក អ្នកនាង Tiong Shi Lin បានទទួលប្រាក់ជំនួយចំនួន ៨០០ ដុល្លារសិង្ហបុរី (៥៩៥ ដុល្លារអាមេរិក) ក្នុងមួយខែពីអាជ្ញាធរ ហើយប្រាក់ដែលគាត់ទទួលបានសរុបនោះគឺមានចំនួន ៤,០០០ ដុល្លារសិង្ហបុរី (២,៩៧៦ ដុល្លារអាមេរិក)។ ថ្មីៗនេះអាជ្ញាធរសិង្ហបុរីបានរកឃើញថា អ្នកនាង Tiong Shi Lin មិនស្ថិតនៅក្នុងលក្ខខណ្ឌត្រូវទទួលបានប្រាក់ជំនួយនោះទេ ហើយក្រោយពីបានធ្វើការស៊ើបអង្កេតយ៉ាងល្អិតល្អន់រួចមក ខាងតុលាការក៏សម្រេចផ្តន្ទាទោសឲ្យរូបគាត់ត្រូវជាប់គុករយៈ ៧ខែ ពីបទបានកុហកនិងក្លែងឯកសារបន្លំអាជ្ញាធរ៕

 

អ្នកនាង Tiong Shi Lin

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: