អន្តរជាតិ

ថៃគ្រោងលើកកម្ពស់សិល្បៈចម្រៀងឲ្យមានសក្តានុពលខ្លាំងរហូតក្លាយជាប្រភពចំណូលសម្រាប់សេដ្ឋកិច្ចជាតិ ក្រោយមើលឃើញឥទ្ធិពលរបស់តារាចម្រៀង Lisa ក្នុងទីផ្សារលក់ម្កុដនៅប្រទេសថៃ

BY
Pheakdey
September 14, 2021

ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានសម្តែងនូវការសរសើរយ៉ាង​ខ្លាំងចំពោះតារាចម្រៀងមានដើមកំណើតថៃនិងបច្ចុប្បន្នជាសមាជិកក្រុមតារាចម្រៀង K-Pop គឺកញ្ញា Lisa ក្រោយតារាចម្រៀងរូបនេះបានរួមចំណែកផ្សព្វផ្សាយវប្បធម៌ថៃទៅកាន់ពិភពលោកយ៉ាងឆាប់រហ័ស តាមរយៈបទចម្រៀងមួយបទរបស់នាងក្រោមចំណងជើងថា “Lalisa”។ គួររម្លឹកថា បទចម្រៀង “Lalisa” ត្រូវបាន​បង្ហោះចូលទៅក្នុងបណ្តាញសង្គម Youtube កាលពី ៣ ថ្ងៃមុន ហើយគិតត្រឹមរយៈដ៏ខ្លីនេះវីដេអូចម្រៀងមួយនេះមានអ្នកចូលមើលរហូតដល់ជាង ១៣០ លានដង។ ក្នុងបទចម្រៀងដែលកំពុងតែល្បីកក្រើកនេះ គេបានប្រទះឃើញកញ្ញា Lisa រាំនៅមុខប្រាសាទមួយ និងពាក់ម្កុដមាសផងដែរ ខណៈក្នុងអំឡុងពេលនេះម្កុដមាសដែលសមាជិកទី ៣ របស់ក្រុមចម្រៀង Blackpink បានពាក់នោះកំពុងលក់ដាច់ខ្លាំងបំផុតនៅតាមទីផ្សារក្នុងប្រទេសថៃ។

ក្រោយមើលឃើញពីឥទ្ធិពលដ៏ខ្លាំងខ្លាំរបស់វិស័យសិល្បៈចំពោះសេដ្ឋកិច្ចដូចនេះ រដ្ឋាភិបាលថៃក៏បានប្រកាសឲ្យដឹងតាមរយៈសារព័ត៌មានថា បាងកកប៉ុស្តិ៍ ថារដ្ឋាភិបាលថៃមានគម្រោងនឹងលើកកម្ពស់វិស័យសិល្បៈជាតិឲ្យកាន់តែមានសក្តានុពលខ្លាំងរហូតក្លាយជាប្រភពចំណូលដ៏សំខាន់មួយរបស់សេដ្ឋកិច្ចតែម្តង។ បើតាមលោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ឥទ្ធិពលរបស់តារាចម្រៀង Lisa បានជួយបង្កើតទំនុកចិត្តយ៉ាងខ្លាំងចំពោះឧស្សាហកម្មសិល្បៈនិងការច្នៃម៉ូតរបស់ថៃ ដូចនេះហើយរដ្ឋាភិបាលត្រូវបន្តគាំទ្រនិងលើកកម្ពស់វិស័យនេះបន្ថែមទៀតដើម្បីឲ្យក្លាយជាវិស័យដែលមានសក្តានុពលមួយសម្រាប់សេដ្ឋកិច្ចជាតិតែម្តង។

បើតាមរដ្ឋាភិបាលថៃបានហៅគម្រោងនេះថា “soft power” ​ហើយនាពេលកន្លងផែនមួយនេះក៏ធ្លាប់ត្រូវបានរដ្ឋាភិបាលអនុវត្តក្នុងវិស័យមួយចំនួនផងដែរដូចជា អាហារថៃ ភាពយន្តថៃ ម៉ូតសំលៀកបំពាក់ថៃ និងប្រដាល់ថៃជាដើម។ គួរបញ្ជាក់ថា ផែនការដែលរដ្ឋាភិបាលថៃគ្រោងនឹងអនុវត្តនោះ គឺប្រទេសកូរ៉េខាងត្បូងបានកំពុងតែអនុវត្តរួចហើយ ខណៈវិស័យចម្រៀងក្នុងប្រទេសកូរ៉េខាងត្បូងបានរួមចំណែកបង្កើតជាសេដ្ឋកិច្ចជាតិបានរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ៕

កញ្ញា Lisa 

លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: