លឿនដូចផ្លេកបន្ទោល! ប្តីប្រពន្ធមួយគូគ្រាន់តែរៀបការជាមួយទើបតែបាន១ម៉ោង ក៏ដាក់ពាក្យលែងលះគ្នាវិញ
អន្តរជាតិ September 14, 2021 Pheakdey

ចិន៖ ប្តីប្រពន្ធមួយគូបានធ្វើការលែងលះគ្នាវិញ ក្រោយពួកគាត់រៀបការជាមួយគ្នាបានត្រឹមតែ ១​ម៉ោងប៉ុណ្ណោះ ហើយចំណងអាពាហ៍ពិពាហ៍មួយនេះត្រូវបានគេចាត់ទុកថា ជាចំណងអាពាហ៍ពិពាហ៍ដែលមានអាយុខ្លីបំផុតផងដែរ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្តភាគខាងត្បូងប្រទេសចិន ខណៈអត្តសញ្ញាណពិតប្រាកដរបស់ប្តីប្រពន្ធទាំង ២ នាក់នេះមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ។ បើតាមសំដីរបស់បុរសជាប្តីបានឲ្យដឹងថា តាមការពិតគាត់បានសម្រចចិត្តបែកគ្នាជាមួយនឹងប្រពន្ធរបស់គាត់តាំងពីមុនរៀបការម្ល៉េស ពោលគឺគាត់បានសម្រេចថាបែកគ្នាតាំងពីនៅជាសង្សារឯណោះ។

យ៉ាងណាក្តី ភាគខាងស្រីនៅបន្តតាមរកឃើញគាត់រហូត ហើយដោយធុញទ្រាន់នឹងសម្ពាធផ្លូវចិត្តនេះពេកគាត់ក៏សម្រេចរៀបការយ៉ាងឆាប់រហ័សតែម្តង ហើយក្រោយពីបានបំពេញតាមសំណើរបស់ភាគីខាងស្រីរួចគាត់ក៏បានសូមលែងលះវិញភ្លាមផងដែរ។ ក្នុងការលែងលះគ្នានោះភាគីខាងស្រីបានទាមទារសំណងជាប្រាក់ចំនួន ៣០០,០០០ យន់ (៤៦,៥២៤ ដុល្លារអាមេរិក) ទើបគាត់យល់ព្រមធ្វើការលែងលះនិងឈប់រវល់នឹងបុរសជាប្តីទៀត។

ដោយប្រាក់សំណងនោះមានទំហំច្រើនខ្លាំងពេក​ បុរសជាប្តីក៏មិនយល់ព្រមដែរ ហើយភាគីទាំង ២ បានបន្តឈ្លោះប្រកែកគ្នារហូតឈានដល់ការដាក់ពាក្យបណ្តឹងទៅកាន់តែតុលាការទៀតផង តែខាងតុលាការមិនបានសម្រចឲ្យមានការលែងលះគ្នាតាមផ្លូវច្បាប់នោះទេ ព្រោះតុលាការមើលឃើញថាភាគីទាំង ២នាក់ប្តីប្រពន្ធមិនមានជំលោះធ្ងន់ធររហូតត្រូវលែងលះគ្នានោះទេ ហើយខាងតុលាការបានត្រឹមប្រាប់ភាគីទាំង ២​ ចេះយោគយល់អធ្រាស្រ័យឲ្យគ្នាដើម្បីបញ្ចប់រឿងផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ World of Buzz