អន្តរជាតិ

ហ្វីលីពីននឹងធ្វើតេស្តរកជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំនៅក្នុងតំបន់រដ្ឋធានីរបស់ខ្លួនដែលមានពលរដ្ឋជាង ១៣លាននាក់កំពុងរស់នៅ

BY
Pheakdey
September 14, 2021

ហ្វីលីពីន៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ប្រទេសប្រទេសហ្វីលីពីននឹងធ្វើតេស្តរកជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំមួយនៅក្នុងតំបន់រដ្ឋធានីរបស់ខ្លួន ខណៈនៅក្នុងអំឡុងពេលនេះតំបន់ដ៏ធំនិងសំខាន់មួយនេះកំពុងអនុវត្តវិធានការបិទខ្ទប់បិទផងដែរ។ បើតាមអាជ្ញាធរសុខាភិបាលហ្វីលីពីនបានបញ្ជាក់ថា យុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំនេះនឹងត្រូវចាប់ផ្តើមនៅក្នុងថ្ងៃព្រហស្បត្តិ៍ ទី ១៦ ខែ កញ្ញាខាងមុខនេះ ខណៈនៅក្នុងតំបន់រដ្ឋធាននីនោះមានក្រុងតូចៗចំនួន ១៦ និងមានប្រជាពលរដ្ឋកំពុងរស់នៅសរុបប្រមាណជា ១៣លាននាក់។

អាជ្ញាធរសុខាភិបាលហ្វីលីពីនក៏បាននបញ្ជាក់ផងដែរថា ការសម្រេចធ្វើតេស្តិ៍ទ្រង់ទ្រាយធំដូចនេះគឺដើម្បីកាត់ផ្តាច់ចង្វាក់នៃការចម្លងមេរោគនៅក្នុងសហគមន៍ ដ្បិតនៅក្នុងតំបន់រដ្ឋធានីរបស់ហ្វីលីពីនការរាតត្បាតជំងឺកូវីដ ១៩ ច្រើនខ្លាំងណាស់ ហើយគេក៏មិនបានដឹងពីប្រភពនៃការចម្លងជាក់លាក់ផងដែរ។ គួរម្លឹកថា ជាច្រើនសប្តាហ៍កន្លងមកនេះហ្វីលីពីនមានអត្រាអ្នកឆ្លងជំងឺកូវីដ ១៩ ជាមធ្យម ២ម៉ឺននាក់់ក្នុងមួយថ្ងៃ ហើយគិតត្រឹមពេលនេះហ្វីលីពីនអ្នកឆ្លងសរុបជាង ២,២លាននាក់ និងស្លាប់សរុបជាង ៣,៥ ម៉ឺននាក់។ ដោយឡែកសម្រាប់ការចាក់វ៉ាក់សាំងវិញ គិតត្រឹមពេលនេះហ្វីលីពីនសម្រេចការចាក់វ៉ាក់សាំងរួចរាល់ចំនួន ២ ដូសជូនពលរដ្ឋបានចំនួនជាង ១៦ លាននាក់ និង ជាង ១៨លាននាក់ផ្សេងទៀតទើបចាក់បាន ១ដូស ខណៈហ្វីលីពីនមានពលរដ្ឋសរុបជាង​ ១០៨ លាននាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: