អន្តរជាតិ

Apple ប្រកាសលក់ iPhone 13 Pro តម្លៃចាប់ពី ៩៩៩ដុល្លារ និង iPhone 13 Pro Max តម្លៃចាប់ពី ១០៩៩ ដុល្លារឡើងទៅ

BY
Pheakdey
September 15, 2021

នៅថ្ងៃពុធ ទី ១៥ ខែ កញ្ញានេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកគឺក្រុមហ៊ុន Apple បានប្រកាសដាក់លក់ជាផ្លូវការនូវទូរស័ព្ទ iPhone 13 ដែលនេះជាដំណឹងដ៏រីករាយមួយសម្រាប់ប្រិយមិត្តអ្នកគាំទ្រផលិតផលរបស់ក្រុមហ៊ុន Apple នៅទូទាំងពិភពលោកផងដែរ។ យោងតាមការបញ្ជាក់នៅក្នុងបណ្តាញសារព័ត៌មានបច្ចេកវិទ្យា CNET បានឲ្យដឹងថា ទូរស័ព្ទម៉ូឌែលចុងក្រោយរបស់ក្រុមហ៊ុន Apple ត្រូវបានរចនាឡើងដោយមាន ៤ ជម្រើស គឺ iPhone 13, iPhone 13 Mini, iPhone 13 Pro និង iPhone 13 Pro Max ខណៈនៅក្នុងប្រភេទនីមួយៗនៃទូរស័ព្ទទាំង ៤ ជម្រើសនេះក៏មានបន្ថែមនូវជម្រើសអង់ចងចាំក្នុងទំហំផ្សេងៗគ្នា និងពណ៌ផ្សេងគ្នាជាច្រើនផងដែរ។

ប្រភពខាងលើបានបន្តថា iPhone 13 មានចំណុចសំខាន់ៗមួយចំនួនដែលល្អជាង iPhone 12 ដូចជា ទំហំកាមេរ៉ាធំជាង​ កម្រិតភាពច្បាស់នៃអេក្រង់ខ្ពស់ជាង មានថ្មដែលអាចប្រើប្រាស់ក្នុងរយៈពេលយូរជាង ១ ម៉ោងកន្លះ និងមានប្រព័ន្ធប្រតិបត្តិការណ៍លឿនជាងផងដែរ។ ចំពោះតម្លៃនៃការដាក់លក់វិញគឺ  iPhone 13 Pro មានតម្លៃចាប់ពី ៩៩៩ ដុល្លារឡើងទៅ ខណៈ iPhone 13 Pro Max មានតម្លៃចាប់ពី ១០៩៩​ ឡើងទៅ។ សូមបញ្ជាក់ថា តម្លៃដែលបានជម្រាបជូននេះគឺជាតម្លៃនៅក្នុងទីផ្សារបរទេស ហើយតម្លៃជាក់ស្តែងរបស់ iPhone 13 នៅកម្ពុជាអាចខុសពីតម្លៃនេះបន្តិចបន្តួចផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ CNET

Share This Post: