អន្តរជាតិ

ថៃត្រៀមវ៉ាក់សាំង Pfizer ៨ លានដូសសម្រាប់ចាក់ជូនកូនសិស្សសាលាទូទាំងប្រទេសនៅដើមខែក្រោយនេះ

BY
Pheakdey
September 16, 2021

ថៃ៖ កាលពីថ្ងៃពុធ ទី ១៥ ខែកញ្ញា ម្សិលមិញនេះ ក្រសួងអប់រំថៃនិងអាជ្ញាធរពាក់ព័ន្ធមួយចំនួនបានជួបប្រជុំគ្នាតាមប្រព័ន្ធ Online និងបានសម្រេចជាផ្លូវការហើយថា នៅដើមខែក្រោយនេះអាជ្ញាធរថៃនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ជូនក្រុមកូនសិស្សសាលានៅទូទាំងប្រទេសតែម្តង។ ក្រុមកូនសិស្សដែលជាគោលដៅសម្រាប់ការចាក់វ៉ាក់សាំងនោះគឺត្រូវតែជាពលរដ្ឋមានអាយុចាប់ពី ១២-១៨ឆ្នាំ ហើយការចាក់វ៉ាក់សាំងនោះទៀតសោធក៏ត្រូវតែមានការយល់ព្រមពីសំណាក់ឪពុកម្តាយឬអាណាព្យាបាលរបស់ពួកគេរៀងៗខ្លួនផងដែរ។

តាមគម្រោងគឺចាប់ពីថ្ងៃទី ១៧-២២ ខែកញ្ញានេះ ខាងសាលារៀននៅទូទាំងប្រទេសទាំងសាលារដ្ឋនិងឯកជនត្រូវតែធ្វើការជាមួយនឹងឪពុកម្តាយរបស់ក្រុមកូនសិស្សដើម្បីកំណត់ចំនួនសិស្សត្រូវទទួលវ៉ាក់សាំងឲ្យបានច្បាស់លាស់សម្រាប់ផ្ញើទៅកាន់អាជ្ញាធរសុខាភិបាលតាមតំបន់ដែលបានកំណត់ផ្សេងៗគ្នា​ ហើយនៅក្នុងចន្លោះថ្ងៃទី ២៨-៣០​​ ខែកញ្ញា ក្រុមបុគ្គលិកសុខាភិបាលនឹងចុះទៅរៀបចំកន្លែងចាក់វ៉ាក់សាំងតាមសាលានីមួយៗ។ នៅក្នុងសប្តាហ៍ទី ១ នៃខែតុលាគេនឹងសម្រេចឲ្យបាននូវការចាក់វ៉ាក់សាំងដូសទី ១​ ជូនក្រុមកូនសិស្សទាំងអស់ ខណៈការចាក់វ៉ាក់សាំងដូសទី ២ នឹងត្រូវសម្រេចឲ្យបាននៅត្រឹមចុងខែតុលា។ ចំពោះវ៉ាក់សាំងវិញគឺគិតត្រឹមពេលនេះអាជ្ញាធរថៃបានត្រៀមវ៉ាក់សាំងប្រភេទ Pfizer ចំនួន ៨ លានដូសសម្រាប់ប្រើប្រាស់នៅក្នុងយុទ្ធនាការនេះ ខណៈថៃក៏មានវ៉ាក់សាំងបម្រុងទុកមួយចំនួនទៀតផងដែរ ព្រោះតួលេខជាក់ស្តែងរបស់ក្រុមកូនសិស្សសរុបមានរហូតដល់ទៅ ៤,៥ លាននាក់ឯណោះ តែយ៉ាងណាក្តី​គេបានព្យាករណ៍ថា ចំនួនកូនសិស្សដែលនឹងមកចាក់វ៉ាក់សាំងគឺមិនដល់ ៤,៥ លាននាក់នោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: