អន្តរជាតិ

ក្រុងបាងកកនឹងបើកទ្វារស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញនៅថ្ងៃទី ១៥ ខែ តុលាខាងមុខនេះ

BY
Pheakdey
September 16, 2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា អាជ្ញាធរថៃបានសម្រចជាផ្លូវការហើយថា នឹងអនុញ្ញាតឲ្យក្រុងបាងកកអាចបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញនៅត្រឹមថ្ងៃទី ១៥ ខែ តុលាខាងមុខនេះ។ ការសម្រចជាផ្លូវការនេះត្រូវបានធ្វើឡើងក្រោយមានកិច្ចប្រជុំជាពិសេសមួយកាលពីថ្ងៃពុធ ទី ១៥ ខែ កញ្ញា ម្សិលមិញនេះរវាងក្រសួងទេសចរណ៍ថៃជាមួយនឹងរដ្ឋបាលក្រុងបាងកក។

ប្រភពខាងលើបានបន្តថា ការសម្រចបើកក្រុងបាងកកឡើងវិញនេះគឺត្រូវបានធ្វើឡើងដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចជាតិក្រោយទីក្រុងដ៏មានសក្តានុពលមួយនេះបានបិទទ្វារមិនទទួលភ្ញៀវទេសចរណ៍អន្តរជាតិជាយូរមកហើយ ព្រោះវិបត្តិនៃការរាតត្បាតជំងឺកូវីដ ១៩។​ បើតាមអាជ្ញាធរថៃក៏បានបញ្ជាក់ផងដែរថា ការសម្រេចបើកក្រុងបាងកកតាមកាលបរិច្ឆេតខាងលើនេះក៏ព្រោះនៅក្នុងពេលដំណាលគ្នានោះ ខាងអាជ្ញាធរសុខាភិបាលថៃនឹងអាចសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនពលរដ្ឋក្នុងក្រុងបាងកកបានយ៉ាងតិច ៧០% ផងដែរ។ ជាងនេះទៅទៀត ភ្ញៀវទេសចរណ៍ដែលនឹងត្រូវអនុញ្ញាតឲ្យធ្វើដំណើរមកកាន់ទីក្រុងបាងកកនោះក៏ត្រូវតែជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ហើយដែរ ខណៈក្រុមពលរដ្ឋដែលស្ថិតនៅក្នុងលក្ខខណ្ឌនេះគឺមិនតម្រូវឲ្យធ្វើឡើងចត្តាឡីស័កនោះទេ ហើយពួកគេក៏អាចធ្វើដំណើរគ្រប់ទីកន្លែងក្នុងទីក្រុងបាងកកបានផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia

Share This Post: