ក្នុងភូមិដាច់ស្រយាលមួយនៅឥណ្ឌាគេបានកែច្នៃជញ្ជាំងផ្ទះឲ្យក្លាយជាក្តារខៀននិងរៀបចំផ្លូវដើរធ្វើជាកន្លែងអង្គុយ ដើម្បីអាចបង្រៀនសិស្សក្នុងបរិបទកូវីដ ១៩
- BY
- Pheakdey
- September 16, 2021
ឥណ្ឌា៖ កូនសិស្សមួយក្រុមដែលមានគ្នាប្រមាណជា ៦០ នាក់ ត្រូវបានគេប្រទះឃើញនាំគ្នារៀនក្នុងបរិយាកាសដ៏ចម្លែកបំផុត ដោយនៅកន្លែងរៀននោះគេបានប្រើប្រាស់ជញ្ជាំងផ្ទះសម្រាប់ធ្វើជាក្តារខៀននិងប្រើប្រាស់ផ្លូវសម្រាប់ដើរធ្វើជាកន្លែងអង្គុយរបស់សិស្សទៅវិញ។ បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា សាលារៀនដែលមានការរៀបចំយ៉ាងចម្លែកនេះមានទីតាំងស្ថិតនៅក្នុងភូមិដាច់ស្រយាលមួយកន្លែងនៅតំបន់ភាគខាងលិចនៃប្រទេសឥណ្ឌា ហើយគោលបំណងនៃការរៀបចំឲ្យក្រុមកូនសិស្សរៀននៅក្រៅអាគារដូចនេះគឺដើម្បីរក្សាគម្លាតសង្គមក្នុងចំណោមពួកគេ ដ្បិតការរាតត្បាតនៃជំងឺកូវីដ ១៩ នៅតាមសហគមន៍ក្នុងប្រទេសឥណ្ឌានៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភនៅឡើយ។
បើតាមលោក Deep Narayan Nayak អាយុ ៣៤ ឆ្នាំ ដែលជាគ្រូបង្រៀនម្នាក់នៅក្នុងថ្នាក់ហាលវាលខាងលើនេះបានប្រាប់ឲ្យដឹងថា សាលារបស់លោកបានបិទទ្វារជាយូរមកហើយចាប់តាំងពីមានវិបត្តិនៃជំងឺកូវីដ ១៩ ខណៈខាងសាលានៅបន្តផ្តល់ការបង្រៀនតាមប្រព័ន្ធ Online។ យ៉ាងណាក្តី ការសិក្សាពីចម្ងាយនេះមិនអាចផ្តល់ជូននូវគុណភាពអប់រំទៅកាន់ក្រុមកូនសិស្សស្មើៗគ្នានោះទេ ជាក់ស្តែងគេបានរកឃើញថាសម្រាប់នៅក្នុងតំបន់ដាច់ស្រយាលគឺមានកូនសិស្សត្រឹមតែ ៨%ប៉ុណ្ណោះដែលបានរៀនតាម Online យ៉ាងទៀតទាត់ ហើយកូនសិស្សចំនួន ៣៧%មិនបានរៀនទាល់តែសោះ ខណៈក្រៅពីនេះគឺបានរៀនខ្លះនិងអត់ខ្លះ ពោលគឺរៀនមិនបានពេញលេញនោះទេ។ ព្រោះហេតុផលនេះហើយទើបខាងសាលារៀនរបស់លោកសម្រេចបើកការបង្រៀនដូចខាងលើនេះ ដោយគេបានលាបពណ៌ជញ្ជាំងផ្ទះសម្រាប់ធ្វើជាក្តារខៀនសរសេរដីស ខណៈផ្លូវដើរត្រូវបានគេរៀបចំធ្វើជាកន្លែងអង្គុយរបស់សិស្ស៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post: