អន្តរជាតិ

លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong បានអញ្ជើញទៅទទួលវ៉ាក់សាំងដូសជំរុញកាលពីព្រឹកមិញនេះ

BY
Pheakdey
September 17, 2021

សិង្ហបុរី៖ កាលពីព្រឹកថ្ងៃសុក្រ ទី ១៧ ខែកញ្ញានេះ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong បានអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសជំរុញ ឬដូសទី ៣ ហើយ ដែលការចាក់វ៉ាក់សាំងនេះត្រូវបានរៀបចំឡើងនៅឯមន្ទីរពេទ្យទូទៅសិង្ហបុរី (Singapore General Hospital)។ គួររម្លឹកថា លោកនាយករដ្ឋមន្ត្រីសិង្ហបុរីបច្ចុប្បន្នមានវ័យ ៦៩ ឆ្នាំ ហើយនាពេលកន្លងមករូបលោកធ្លាប់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទ Pfizer-BioNTech ​កាលពីចុងខែមករា ឆ្នាំ ២០២១ នេះ។

ក្រោយពីបានចាក់វ៉ាក់សាំងដូសជំរុញខ្លួនឯងរួចហើយ លោក Lee Hsien Loong ក៏បានអំពាវនាវតាមរយៈគណនី Facebook ផ្លូវការរបស់គាត់ឲ្យពលរដ្ឋសិង្ហបុរីគ្រប់រូបត្រូវប្រញាប់ទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នាផងដែរ ដើម្បីការពារអាយុជីវិតពីជំងឺកូវីដ ១៩ ក៏ដូចជាចូលរួមបង្កើតប្រព័ន្ធភាពស៊ាំនៅក្នុងសហគមន៍ទាំងមូលផងដែរ។ លោកនាយករដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា​ ពលរដ្ឋដែលគួរតែទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានឆាប់រហ័សនោះមានដូចជា ពលរដ្ឋមានវ័យចាប់ពី ៦០ឆ្នាំឡើងទៅ ពលរដ្ឋវ័យចំណាស់ដែលកំពុងស្នាក់នៅតាមមជ្ឈមណ្ឌលថែទាំមនុស្សចាស់ និងក្រុមពលរដ្ឋដែលពេញវ័យដែលមានប្រព័ន្ធការពាររាងកាយខ្សោយជាដើម្បី ព្រោះក្រុមពលរដ្ឋទាំងនេះគឺងាយនឹងឆ្លងជំងឺកូវីដ ១៩ ខ្លាំងណាស់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: