អន្តរជាតិ

WHO ព្រមានថា ភាពខ្វះខាតវ៉ាក់សាំងកូវីដនៅតំបន់អាហ្រ្វិកអាចជំរុញឲ្យកើតមានមេរោគបំប្លែងថ្មីដែលបង្កគ្រោះថ្នាក់ជុំវិញពិភពលោក

BY
Pheakdey
September 17, 2021

អង្គការសុខភាពពិភពលោក (WHO) បានទាញសញ្ញាព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី ១៦ កញ្ញាម្សិលមិញថា ភាពខ្វះខាតវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩​ នៅទ្វីបអាហ្វ្រិកអាចបង្កជាបញ្ហារួមមួយសម្រាប់ពិភពលោកទាំងមូល ពោលគឺមេរោគកូវីដ ១៩ បំប្លែងខ្លួនទម្រង់ថ្មីអាចនឹងកើតមានឡើងហើយបន្តរាតត្បាតធ្ងន់ធ្ងរជុំវិញពិភពលោកដូចជាមេរោគ Delta អីចឹងដែរ។ បើតាម WHO បានឲ្យដឹងថា គម្រោងផ្តល់វ៉ាក់សាំងទៅកាន់តំបន់អាហ្វ្រិកនឹងមិនអាចសម្រេចបានតាមការគ្រោងទុកនោះទេ​សម្រាប់ឆ្នាំ ២០២១ នេះ ព្រោះគេបានព្យាការណ៍រួចហើយថា នៅត្រឹមចុងឆ្នាំនេះគេអាចសម្រេចការចាក់វ៉ាក់សាំងជូនពលរដ្ឋអាហ្វ្រិកបានត្រឹម ១៧%ប៉ុណ្ណោះ ខណៈការរំពឹងទុកនាពេលកន្លងមកគឺគេចង់ចាក់ឲ្យបានរហូតដល់ ៤០% នៃពលរដ្ឋសរុបក្នុងទ្វីបអាហ្រ្វិកទាំងមូល។

WHO បានបញ្ជាក់ផងដែរថា ដើម្បីសម្រេចតាមផែនការដែលគេបានគ្រោងទុកនាពេលកន្លងមកនោះគឺគេត្រូវការវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ៤៧០លានដូសបន្ថែមទៀត ដែលនេះជាចំនួនវ៉ាក់សាំងដ៏ច្រើនមួយសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ថា ការខកខានមិនអាចចាក់វ៉ាក់សាំងជូនពលរដ្ឋនៅតំបន់អាហ្វ្រិកតាមការគ្រោងទុកនៅពេលនេះគឺបានកើតឡើងដោយសាតែប្រទេសជាសម្ព័ន្ធភាព COVAX បានសម្រេចកាត់បន្ថយចំនួនវ៉ាក់សាំងដែលពួកគេត្រូវផ្តល់ជាជំនួយ COVAX ដ្បិតបណ្តាប្រទេសទាំងនោះត្រូវការវ៉ាក់សាំងសម្រាប់ទុកចាក់ជាដូសជំរុញ៕

អត្ថបទ ៖​ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: