អន្តរជាតិ

ថៃផ្តល់ជម្រើសឲ្យក្រុមកូនសិស្សអាយុ ១២-១៧ឆ្នាំអាចរង់ចាំចាក់វ៉ាក់សាំង Sinovac ឬ Sinopharm នៅពេលក្រោយ ប្រសិនបើពួកគេមិនហ៊ានចាក់វ៉ាក់សាំង Pfizer តាមគម្រោងរបស់អាជ្ញាធរនៅខែក្រោយនេះ

BY
Pheakdey
September 18, 2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ថៃនឹងផ្តល់ជម្រើស ២ សម្រាប់ក្រុមពលរដ្ឋវ័យក្មេងអាយុចាប់ពី ១២-១៧ឆ្នាំ ក្នុងការទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដោយជម្រើសទី ១ គឺពួកគេអាចមកទទួលវ៉ាក់សាំងប្រភេទ Pfizer តាមការគ្រោងទុករបស់អាជ្ញាធរ ខណៈជម្រើសទី ២ គឺពួកគេអាចរង់ចាំចាក់វ៉ាក់សាំងប្រភេទ Sinovac ឬ Sinopharm នៅពេលក្រោយទៀតក៏បាន ប្រសិនបើឪពុកម្តាយរបស់ពួកមិនហ៊ានឲ្យចាក់វ៉ាក់សាំង Pfizer។ គួរបញ្ជាក់ថា តាមគម្រោងគឺនៅដើមខែក្រោមនេះអាជ្ញាធរថៃនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំង Pfizer ជូនក្រុមកូនសិស្សសាលាដែលមានអាអាយុចាប់ពី ១២-១៧ឆ្នាំនៅទូទាំងប្រទេស ដោយវ៉ាក់សាំងដូសទី ១នឹងត្រូវចាក់នៅក្នុងសប្តាហ៍ទី ១ នៃខែតុលា ខណៈដូសទី ២ នឹងត្រូវចាក់នៅអំឡុងសប្តាហ៍ទី ៤ នៃខែតុលា។

យ៉ាងណាក្តី នាពេលកន្លងគេធ្លាប់រកឃើញថាការចាក់វ៉ាក់សាំង Pfizer អាចបង្កឲ្យមានបញ្ហាមួយគឺបញ្ហារលាកសាច់ដុំបេះដូង ហើយក្រុមមនុស្សដែលងាយនឹងទទួលរងនូវបញ្ហានោះគឺពលរដ្ឋជាបុរសនិងកូនក្មេង។ តាមការកត់សម្គាល់បញ្ហានេះបានកើតឡើងក្នុងកម្រិតតិចតួចបំផុត ពោលគឺតិចជាង ១ ក្នុងចំណោម ១លានករណីឯណោះ។ ព្រោះហេតុផលនេះហើយទើបឪពុកម្តាយសិស្សមួយចំនួនហាក់មិនចង់ឲ្យកូនៗរបស់ពួកគាត់ទៅចាក់វ៉ាក់សាំង Pfizer តាមគម្រោងរបស់អាជ្ញាធរនោះទេ។ ដើម្បីឆ្លើយតបចំពោះភាពស្ទាក់ស្ទើរនេះ ទើបអាចអាជ្ញាធរថៃសម្រេចដាក់ចេញនូវជម្រើសដូចបានជម្រាបជូនខាងលើនេះ ខណៈខាងអាជ្ញាធរថៃនៅមិនទាន់ដឹងច្បាស់ថា​ ជម្រើសនៃការចាក់វ៉ាក់សាំង Sinovac ឬ Sinopharm ទៅកាន់កូនសិស្សនឹងត្រូវធ្វើឡើងនៅពេលណានោះទេ ដ្បិតនៅក្នុងពេលនេះថៃគ្មានវ៉ាក់សាំង ប្រភេទនេះបម្រុងទុកសម្រាប់ចាក់ជូនពលរដ្ឋវ័យក្មេងឡើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

Share This Post: