អន្តរជាតិ

ដំបូលរថយន្តតាក់ស៊ីរាប់រយគ្រឿងនៅក្រុងបាងកកត្រូវគេចៃ្នជាកន្លែងដាំបន្លែ ក្រោយអាជីវកម្មមួយនេះត្រូវផ្អាកដំណើរការទាំងស្រុងព្រោះវិបត្តិកូវីដ ១៩

BY
Pheakdey
September 18, 2021

ថៃ៖ ចំណតរថយន្តតាក់ស៊ីជាច្រើនកន្លែងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ បានក្លាយទៅជាសួនបន្លែចម្រុះប្រភេទគ្នាមួយ ក្រោយពេលរថយន្តតាក់ស៊ីរាប់រយគ្រឿងត្រូវផ្អាកដំណើរការទាំងស្រុងជាយូរមកហើយព្រោះតែវិបត្តិនៃការរាតត្បាតជំងឺកូវីដ ១៩។ បើយោងតាមបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា បន្លែដែលគេអាចរកបាននៅក្នុងចំណតរថយន្តតាក់ស៊ីនោះមានដូចជា ត្រកួន ស្ពៃខៀវ ស្លឹកខ្ទឹម ត្រប់ និងម្ទេសជាដើម ហើយបន្លែខ្លះត្រូវគេដាក់ដាំនៅលើដំបូលរថយន្តតាក់ស៊ីតែម្តង។

ប្រភពខាងលើបានបន្តថា រថយន្តតាក់ស៊ីទាំងនោះគឺជារថយន្តរបស់ក្រុមហ៊ុន  Ratchapruek និងក្រុមហ៊ុន Baworn  ហើយបើតាមការសន្និដ្ឋានគឺក្រុមហ៊ុនតាក់ស៊ីទាំង ២នេះត្រូវមានបំណុលប្រមាណជា ៣ពាន់លានបាត (៩០លានដុល្លារ) ដែលត្រូវសងរំលស់បន្តិចម្តងៗទៅកាន់ខាងធនាគារវិញ តាមរយៈការបង់ប្រាក់ប្រចាំខែរបស់អ្នកបើករថយន្តតាក់ស៊ីម្នាក់ៗ។ តាមធម្មតាអ្នកបើករថយន្តតាក់ស៊ីម្នាក់ត្រូវបង់ប្រាក់យ៉ាងតិចបំផុតចំនួន ៣,០០០ បាត (៩១ ដុល្លារអាមេរិក) ក្នុងមួយខែ ដើម្បីរំលស់រថយន្តដែលមានតម្លៃជាង ១ លានបាត (ជាង ៣ម៉ឺនដុល្លារ)។ យ៉ាងណាក្តី ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩ រថយន្តតាក់ស៊ីស្ទើរតែទាំងអស់ត្រូវផ្អាកដំណើរការ អ្នករត់តាក់ស៊ីម្នាក់ត្រូវបាត់ចំណូលទាំងស្រុង ហើយអ្វីដែលជារឿងគួរឲ្យកត់សម្គាល់នោះគឺរថយន្តតាក់ស៊ីទំនើបៗនិងថ្លៃៗជាច្រើនរយគ្រឿងត្រូវគេយកទៅទុកចោលដូចជារបស់គ្មានតម្លៃអីចឹង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: