ឥណ្ឌូនេស៊ីគ្រោងអនុញ្ញាតឲ្យអ្នកដំណើរអន្តរជាតិអាចទៅកំសាន្តនៅកោះបាលីជាធម្មតាវិញនៅខែតុលាខាងមុខនេះ
អន្តរជាតិ September 18, 2021 Pheakdey

ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ឥណ្ឌូនេស៊ីគ្រោងនឹងអនុញ្ញាតឲ្យអ្នកដំណើរអន្តរជាតិមកពីប្រទេសមួយចំនួនអាចត្រលប់ទៅកំសាន្តនៅលើកោះបាលីបានជាធម្មតាវិញនៅត្រឹមដើមខែតុលាខាងមុខនេះ។ គួររម្លឹកថា មុនពេលមានការបិទខ្ទប់ប្រទេសព្រោះវិបត្តិនៃជំងឺកូវីដ ១៩ កោះបាលីគឺជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពសម្រាប់អ្នកដំណើរនៅជុំវិញពិភពលោក ខណៈកោះដ៏ស្រស់ស្អាតមួយនេះក៏ជាប្រភពចំណូលដ៏មានសក្តានុពលមួយសម្រាប់ប្រទេសឥណ្ឌូនេស៊ីផងដែរ។

បើតាមលោក Luhut Pandjaitan ដែលជារដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការដែនសមុទ្រនិងការវិនិយោគឥណ្ឌូនេស៊ីបានឲ្យដឹងថា ការសម្រេចបើកកោះបាលីឡើងវិញនេះគឺចំណែកដ៏សំខាន់មួយសម្រាប់សង្គ្រោះសេដ្ឋកិច្ចជាតិដែលបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ចាប់តាំងពីមានវិបត្តិនៃជំងឺកូវីដ ១៩ មក។ រដ្ឋមន្ត្រីជាន់ខ្ពស់រូបនេះបានបន្តទៀតថា ការសម្រេចចិត្តនេះក៏ត្រូវបានធ្វើឡើងស្របពេលដែលអាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីអាចសម្រេចបាននូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនក្រុមពលរដ្ឋគោលដៅបានចំនួនច្រើននិងស្របពេលចំនួនអ្នកឆ្លងកូវីដ ១៩ នៅទូទាំងឥណ្ឌូនេស៊ីបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះឥណ្ឌូនេស៊ីសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ជូនពលរដ្ឋបានចំនួន ២១% ហើយ​ ខណៈ ៤០% ផ្សេងទៀតទើបចាក់បានដូសទី ១ ក្នុងចំណោមពលរដ្ឋគោលដៅសរុបជាង ២០០ លាននាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia