អន្តរជាតិ

Lisa និយាយតែមួយម៉ាត់សោះធ្វើឲ្យទីផ្សារលក់ប្រហិតតាមផ្លូវនៅខេត្តបូរីរ៉ាំលក់ដាច់ច្រកសឹងមិនទាន់

BY
Pheakdey
September 18, 2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Next Shark បានឲ្យដឹងថា ទីផ្សារលក់ប្រហិតតាមដងផ្លូវមួយកន្លែងនៅក្នុងខេត្តបូរីរ៉ាំ ប្រទេសថៃបានកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ពោលគឺកើនឡើងរហូតដល់ ៣,៣៣៣% ក្រោយតារាចម្រៀងមានដើមកំណើតថៃនិងជាសមាជិកក្រុមចម្រៀងកូរ៉េ BLACKPINK គឺកញ្ញា Lisa និយាយពាក្យដ៏ខ្លីមួយចំពោះប្រហិតទាំងនោះ។ គួរម្លឹកជូនថា ក្រោយទទួលបានការគាំទ្រខ្លាំងចំពោះបទចម្រៀង “Lalisa” ដែលត្រូវបានគេបង្ហោះចូលក្នុងបណ្តាញសង្គម YouTube កាលពីថ្ងៃទី ១១ ខែកញ្ញានេះ កញ្ញា Lisa បានផ្តល់បទសម្ភាសន៍មួយនៅក្នុងកម្មវិធី  Woody Show ដែលជាកម្មវិធីជជែកកំសាន្តអំពីរឿងរ៉ាវផ្ទាល់ខ្លួនមួយចំនួនរបស់តារាចម្រៀងវ័យ ២៤ ឆ្នាំរូបនេះ។

ក្នុងកិច្ចសម្ភាសន៍នោះ កញ្ញា Lisa បាននិយាយថា គាត់មិនបានទៅលេងស្រុកកំណើតនៅក្នុងខេត្តបូរីរ៉ាំជាង ១ឆ្នាំមកហើយព្រោះវិបត្តិនៃជំងឺកូវីដ ១៩ ហើយនៅទីនោះគឺមានអាហារសំណព្វមួយរបស់គាត់ ដែលអាហារនោះគឺជាប្រហិតលក់តាមដងផ្លូវនៅស្ថានីយ៍រថភ្លើងបូរីរ៉ាំ។ ​ក្រោយការនិយាយដូចនេះភ្លាម មានពលរដ្ឋថៃដែលជាអ្នកគាំទ្រកញ្ញា Lisa ជាច្រើនបានសម្រុកនាំគ្នាទៅទិញប្រហិតនៅទីតាំងខាងលើនេះរហូតធ្វើឲ្យទីផ្សារលក់ប្រហិតជារួមនៅទីនោះបានហក់ឡើងខ្ពស់ជាងធម្មតាដល់ទៅជាង ៣ពាន់ភាគរយឯណោះ។ អ្នកលក់ប្រហិតម្នាក់បានប្រាប់ឲ្យដឹងថា តាមធម្មតាគាត់អាចលក់ប្រហិតបានត្រឹម ២០០-៣០០បាត​ (៦-៩ដុល្លារអាមេរិក) ប៉ុណ្ណោះក្នុងមួយថ្ងៃ តែឥទ្ធិពលរបស់កញ្ញា  Lisa ធ្វើឲ្យគាត់អាចលក់ប្រហិតបានប្រាក់រហូតដល់ទៅ ១០,០០០ បាត (៣០០ ដុល្លារ) ឯណោះក្នុងមួយថ្ងៃ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Next Shark

Share This Post: