ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមសម្រេចបន្ធូរបន្ថយវិធានការរឹតបន្តឹងទីក្រុងហាណូយក្នុងសប្តាហ៍នេះក្រោយចំនួនអ្នកឆ្លងកូវីដ ១៩បន្តធ្លាក់ចុះ

    BY Pheakdey September 20, 2021
    វៀតណាមសម្រេចបន្ធូរបន្ថយវិធានការរឹតបន្តឹងទីក្រុងហាណូយក្នុងសប្តាហ៍នេះក្រោយចំនួនអ្នកឆ្លងកូវីដ ១៩បន្តធ្លាក់ចុះ

    វៀតណាម៖ អាជ្ញាធរវៀតណាមបានសម្រេចបន្ធូរបន្ថយវិធានការរឹតបន្តឹងទីក្រុងហាណូយហើយនៅក្នុងសប្តាហ៍នេះក្រោយចំនួនអ្នកជំងឺកូវីដ ១៩ នៅក្នុងទីក្រុងបន្តធ្លាក់ចុះជាច្រើនថ្ងៃជាប់ៗគ្នានិងស្របពេលដែលពលរដ្ឋក្នុងក្រុងហាណូយជាច្រើននាក់បានទៅវ៉ាក់សាំងរួចហើយដែរ។ យោងតាមបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ចាប់ពីថ្ងៃទី ២២ កញ្ញាខាងមុខនេះតទៅអាជ្ញាធរវៀតណាមនឹងអនុញ្ញាតឲ្យគម្រោងសាងសង់មួយចំនួនអាចចាប់ផ្តើមដំណើរការឡើងវិញហើយ ខណៈអាជីវកម្មដែលពុំមានហានិភ័យនៃការចម្លងជំងឺមួយចំនួនក៏ត្រូវអនុញ្ញាតឲ្យបើកជាបណ្ដើរៗផងដែរ។ ដោយឡែកចំពោះភោជនីយដ្ឋានវិញគឺអនុញ្ញាតឲ្យបើកលក់សម្រាប់តែការវេចខ្ចប់យកទៅញ៉ាំនៅផ្ទះតែប៉ុណ្ណោះ។

    គួរម្លឹកថា អស់រយៈពេលជាច្រើនសប្តាហ៍មកហើយដែលទីក្រុងហាណូយត្រូវបានបិទខ្ទប់ទាំងស្រុង​ បន្ទាប់ពីទីក្រុងមួយនេះផ្ទុះការរាតត្បាតជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទ Delta។ យ៉ាងណាក្តី គិតត្រឹមពេលនេះអាជ្ញាធរក្រុងហាណូយហាក់អាចគ្រប់គ្រងស្ថានការបានវិញហើយដោយចំនួនអ្នកឆ្លងថ្មីបន្តធ្លាក់ចុះរាល់ថ្ងៃ ខណៈដែលពលរដ្ឋពេញវ័យនៅក្នុងទីក្រុងហាណូយប្រមាណជា ៩៥% ឬស្មើនឹងចំនួន ៥,៧៥ លាននាក់បានទៅទទួលវ៉ាក់សាំងដូសទី ១ រួចរាល់ហើយ។ សូមបញ្ជាក់ថា គិតត្រឹមពេលនេះវៀតណាមបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបជាង ៦៨ម៉ឺននាក់ និងស្លាប់សរុបជាង ១៧ពាន់នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia 

    Share This Post: