ខឹងផ្លូវខូចក្រហេងក្រហូងអត់ឃើញអាជ្ញាធរជួសជុល ពលរដ្ឋថៃនាំគ្នាថតបង្ហោះវីដេអូស្លៀកឈុតធ្វើដូចនៅភពព្រះចន្ទ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង (មានវីដេអូ)
ថៃ៖ ពលរដ្ឋថៃគ្រប់រូបមានសិទ្ធស្មើៗគ្នាសម្រាប់បង្ហាញនូវការមិនពេញចិត្តឬទាមទារអ្វីមួយពីខាងអាជ្ញាធរមូលដ្ឋានរបស់ពួកគេ ហើយរបៀបនៃការទាមទារឬបង្ហាញនូវការមិនពេញចិត្តនោះអាចត្រូវបានធ្វើឡើងក្នុងទម្រង់ផ្សេងៗគ្នា ខណៈសកម្មភាពខ្លះត្រូវបានធ្វើឡើងក្នុងលក្ខណៈបែបកំប្លែងតែមានន័យឌឺដងខ្លាំងបំផុតផងដែរ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Nation Thailand បានឲ្យដឹងថា ពលរដ្ឋថៃមួយចំនួនបាននាំគ្នាស្លៀកពាក់ឈុតជាអាកាសយានិកដែលត្រូវធ្វើដំណើរទៅកាន់ឋានព្រះចន្ទហើយដើរពេញផ្លូវដែលមានក្រហេងក្រហូងច្រើន ដែលមើលទៅគឺស្រដៀងនឹងការធ្វើដំណើរនៅលើឋានព្រះចន្ទអីចឹងដែរ។

ប្រភពខាងលើបានបញ្ជាក់ថា សកម្មភាពនេះបានកើតឡើងនៅក្នុងតំបន់ Huai Hot-Nong ស្ថិតនៅក្នុងស្រុក Kranuan ខេត្ត Khon Kaen ភាគខាងត្បូងប្រទេសថៃ ហើយគោលបំណងនៃការធ្វើសកម្មភាពគឺដើម្បីបង្ហាញជាសាធារណៈថាផ្លូវមួយខែ្សនោះខូចអស់ហើយដែលទាមទារឲ្យអាជ្ញាធរត្រូវតែជួសជុលផ្លូវជាបន្ទាន់ផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានឃើញការឆ្លើយតបណាមួយពីសំណាក់អាជ្ញាធរថៃចំពោះសកម្មភាពដ៏សែនហួសចិត្តនេះនៅឡើយទេ។ លោកអ្នកទស្សនាសកម្មភាពនេះដែលត្រូវបានគេបង្ហោះពេញបណ្តាញសង្គមក្នុងប្រទេសថៃដូចខាងក្រោមនេះ៖


អត្ថបទ៖ ភក្តី
ប្រភព៖ Nation Thailand