ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃកំណត់បើកក្រុងបាងកកឡើងវិញនៅថ្ងៃទី ១ ខែវិច្ឆិកា បើពលរដ្ឋយល់ព្រមសហការណ៍ធ្វើរឿងមួយនៅចុងខែនេះ

    BY Pheakdey September 23, 2021
    ថៃកំណត់បើកក្រុងបាងកកឡើងវិញនៅថ្ងៃទី ១ ខែវិច្ឆិកា បើពលរដ្ឋយល់ព្រមសហការណ៍ធ្វើរឿងមួយនៅចុងខែនេះ

    ថៃ៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានឲ្យដឹងតាមរយៈបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ថា ទីក្រុងបាងកកអាចនឹងបើកទ្វារទទួលស្វាគមន៍ភ្ញៀវទេសចរណ៍បានជាធម្មតាវិញនៅត្រឹមថ្ងៃទី ១ ខែវិច្ឆិកា ខាងមុខនេះ ប្រសិនបើពលរដ្ឋក្នុងក្រុងបាងកកយ៉ាងតិចណាស់ ៧០% បាននាំគ្នាទៅទទួលវ៉ាក់សាំងបង្ការកូវីដ ១៩ ឲ្យបានត្រឹមចុងខែកញ្ញានេះ។ គួរបញ្ជាក់ថា នេះជាលើកដំបូងហើយដែលអាជ្ញាធរថៃបានកំណត់ពេលវេលាជាក់លាក់ក្នុងការបើកទីក្រុងបាងកកដូចនេះ ហើយការសម្រេចនេះបានកើតឡើងក្រោយអភិបាលក្រុងបាងកកគឺលោក Aswin Kwanmuang បានលើកសំណើសុំបើកទីក្រុងបាងកកនៅថ្ងៃទី ១ ខែ តុលាខាងមុខនេះ តែខាងអាជ្ញាធរថៃបានយល់ព្រមបើកទីក្រុងសេដ្ឋកិច្ចនិងទេសចរណ៍នេះវិញដោយលើកពេលទៅមុខមួយខែទៀត។

    ក្រៅពីបើកក្រុងបាងកកក្នុងពេលជាមួយនោះ អាជ្ញាធរថៃក៏គ្រោងនឹងបើកតំបន់ទេសចរណ៍ជាច្រើនកន្លែងទៀតនៅក្នុងខេត្តចំនួន ៤ផ្សេងគ្នា មានដូចជា ក្រុង Pattaya ស្រុក Bang Lamung ស្រុក Sattahip ស្ថិតនៅក្នុងខេត្ត Chon Buri, ស្រុក Cha-am ស្ថិតនៅក្នុងខេត្ត Phetchaburi, ស្រុក Hua Hin ស្ថិតនៅក្នុងខេត្ត Prachuap Khiri Khan, និង ស្រុក Doi Tao ស្រុក Mae Rim ស្រុក Muang ស្ថិតនៅក្នុងខេត្ត Chiang Mai។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ មានពលរដ្ឋក្នុងក្រុងបាងកក ៤២%ហើយក្នុងចំណោមពលរដ្ឋសរុប ៧លាននាក់ ដែលបានទៅចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ រួចរាល់ ខណៈនៅទូទាំងប្រទេសវិញគឺអាជ្ញាធរថៃសម្រេចការចាក់វ៉ាក់សាំងរួចរាល់ជូនពលរដ្ឋបាន ២១% និងចាក់ដូសទី ១ បាន ៤១% ខណៈថៃមានពលរដ្ឋសរុបជិត ៧០លាននាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

     

     

    Share This Post: