ថៃដាក់ចេញផែនការថ្មីដោយកំណត់ចាក់វ៉ាក់សាំងកូវីដឲ្យបានចំនួន ១លានដូសក្នុងមួយថ្ងៃ
ថៃ៖ កាលពីថ្ងៃសុក្រ ទី ២៤ ខែកញ្ញាម្សិលមិញនេះ អាជ្ញាធរថៃបានដាក់ចេញនូវផែនការថ្មីមួយជុំវិញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ដោយខាងអាជ្ញាធរបានកំណត់ថា នឹងចាក់វ៉ាក់សាំងឲ្យបានចំនួន ១ លានដូសនៅក្នុងមួយថ្ងៃ។ យុទ្ធនាការថ្មីនេះនឹងត្រូវគ្របដណ្តប់លើកការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស ហើយវ៉ាក់សាំងទាំង ១លានដូសដែលខាងអាជ្ញាធរបានកំណត់ទុកនោះគឺជាវ៉ាក់សាំងដែលអាចចាក់បានសម្រាប់ដូសទី ១ ដូសទី ២ ឬជាដូសជំរុញផងដែរ។

បើតាមលោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា នាពេលកន្លងមកក្នុងមួយថ្ងៃអាជ្ញាធរសុខាភិបាលអាចសម្រេចការចាក់វ៉ាក់សាំងបានចន្លោះពី ៦០០,០០០-៨០០,០០០ដូសប៉ុណ្ណោះនៅក្នុងមួយថ្ងៃ ហើយការដាក់ចេញនូវផែនការថ្មីនេះគឺដើម្បីពន្លឿនការបង្កើតភាពស៊ាំនៅក្នុងសហគមន៍ ដែលអាចធ្វើឲ្យស្ថានភាពនៅទូទាំងប្រទេសឆាប់ត្រលប់មករកភាពធម្មតាវិញផងដែរ។ រដ្ឋមន្ត្រីរូបនេះបានបន្តថា នៅចុងខែនេះថៃនឹងទទួលបានវ៉ាក់សាំងចំនួន ១៥លានដូស ខណៈនៅខែក្រោមថៃនឹងត្រូវទទួលបានវ៉ាក់សាំងចំនួន ២០លានដូសបន្ថែមទៀតផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍