ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃអនុម័តថវិកាជិត ៧លានដុល្លារដើម្បីផ្តល់ជាសំណងជូនពលរដ្ឋជាង ៤០០នាក់ដែលរងផលប៉ះពាល់កម្រិតធ្ងន់ក្រោយចាក់វ៉ាក់សាំងកូវីដរួច

    BY Pheakdey September 28, 2021
    ថៃអនុម័តថវិកាជិត ៧លានដុល្លារដើម្បីផ្តល់ជាសំណងជូនពលរដ្ឋជាង ៤០០នាក់ដែលរងផលប៉ះពាល់កម្រិតធ្ងន់ក្រោយចាក់វ៉ាក់សាំងកូវីដរួច

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីព្រឹកថ្ងៃអង្គារ ទី ២៨ ខែ កញ្ញានេះបានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសថៃបានអនុម័តកញ្ចប់ថវិកាចំនួន ២៣០,៧៩ លានបាត (៦,៨៦០,៥៨២ ដុល្លារអាមេរិក) ដើម្បីផ្តល់ជាសំណងជូនពលរដ្ឋចំនួន ៤៦៤នាក់ ដែលជាជនរងគ្រោះកម្រិតធ្ងន់ក្រោយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩រួច។ គួររម្លឹកថា ចាប់តាំងពីថ្ងៃទី ១៩ ខែឧសភាមក អាជ្ញាធរថៃបានផ្តើមអនុវត្តកម្មវិធីផ្តល់ប្រាក់សំណងជូនពលរដ្ឋដែលទទួលរងផលប៉ះពាល់ផ្សេងៗក្រោយចាក់វ៉ាក់សាំងរួច  ដោយក្នុងនោះជនរងគ្រោះត្រូវបានបែងចែកជា ២ កម្រិត គឺកម្រិតស្រាល និងកម្រិតធ្ងន់ធ្ងរ។ កម្រិតស្រាលគឺសំដៅចំពោះលក្ខខណ្ឌដែលពលរដ្ឋកើតមានបញ្ហាសុខភាពផ្សេងៗក្រោយចាក់វ៉ាក់សាំងរួច ហើយកម្រិតធ្ងន់គឺសំដៅចំពោះក្រុមពលរដ្ឋដែលកើតមានពិការភាពផ្សេងៗ ឬដល់ស្លាប់បាត់បង់ជីវិតក្រោយពេលចាក់វ៉ាក់សាំងរួច។

    ចំពោះប្រាក់សំណងវិញគឺសម្រាប់ជនរងគ្រោះកម្រិតស្រាលនឹងទទួលបានប្រាក់សំណងចំនួន ១០០,០០០ បាត​ (២,៩៧២ ដុល្លារអាមេរិក) សម្រាប់អ្នកកើតមានពិការភាពផ្សេងៗទទួលបានប្រាក់សំណង ២៤០,០០០ បាត (៧,១៣៥ ដុល្លារអាមេរិក) ខណៈក្រុមគ្រួសារដែលមានជនរងគ្រោះរហូតដល់ស្លាប់បាត់បង់ជីវិតនឹងទទួលបានប្រាក់សំណងចំនួន ៤០០,០០០បាត (១១,៨៩១ ដុល្លារអាមេរិក)។ បើតាមលោក Jadej Thammatacharee ដែលជាអគ្គលេខាធិការនៃការិយាល័យសន្តិសុខសុខភាពជាតិថៃបានឲ្យដឹងថា គិតមកទល់នឹងពេលនេះអាជ្ញាធរថៃទទួលបានពាក្យបណ្តឹងទាមទារប្រាក់សំណងដែលត្រូវដោះស្រាយចំនួន ៤,០៦៥ ករណីពីសំណាក់ប្រជាពលរដ្ឋថៃនៅទូទាំងប្រទេស ហើយក្នុងនោះមានបណ្តឹងចំនួន ៣,៦២៦ ករណីត្រូវបានដោះស្រាយរួចរាល់ ខណៈពាក្យបណ្តឹងដែលនៅសល់អាជ្ញាធរថៃនឹងដោះស្រាយជាបន្តបន្ទាប់នៅពេលក្រោយទៀត។ អគ្គលេខាធិការរូបនេះក៏បានបញ្ជាក់ផងដែរថា នាពេលកន្លងមកអាជ្ញាធរថៃក៏បានច្រានចោលពាក្យបណ្តឹងចំនួន១, ២៥២ករណីផងដែរ ព្រោះពាក្យបណ្តឹងទាំងនោះពុំមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ទាមទារសំណង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: