ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប៉ូលិសថៃចាប់ខ្លួនប្តីប្រពន្ធ២នាក់ ដែលជាអ្នកលក់កាំ-ភ្លើងតាម Online យ៉ាងសកម្មនៅបាងកក

    BY Pheakdey September 29, 2021
    ប៉ូលិសថៃចាប់ខ្លួនប្តីប្រពន្ធ២នាក់ ដែលជាអ្នកលក់កាំ-ភ្លើងតាម Online យ៉ាងសកម្មនៅបាងកក

    ថៃ៖ ការសែត បាងកកប៉ុស្តិ៍ បានរាយការណ៍ថា មានប្តីប្រពន្ធជនជាតិថៃចំនួន ២នាក់ ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃម្សិលមិញនេះ ក្រោយពួកគេបានធ្វើសកម្មភាពលក់កាំភ្លើងខ្លីតាមប្រព័ន្ធ Online យ៉ាងសកម្មដោយមិនខ្លាចអាជ្ញាធរទាល់តែសោះ។ ក្នុងចំណោមជនសង្ស័យទាំង ២នាក់នោះគឺមានបុរសជាប្តីឈ្មោះ Arthit Nanwisut អាយុ ២៤ឆ្នាំ និងស្រ្តីជាប្រពន្ធឈ្មោះ Maliwan Chanchana អាយុ ២០ឆ្នាំ ហើយការចាប់ខ្លួនប្តីប្រពន្ធវ័យក្មេងមួយគូនេះគឺត្រូវបានធ្វើឡើងនៅក្នុងផ្ទះរបស់ពួកគេផ្ទាល់តែម្តង ដែលស្ថិតនៅក្នុងតំបន់ Bang Khae ក្នុងទីក្រុងបាងកក។

    បើតាមប៉ូលិសថៃបានឲ្យដឹងថា ជនសង្ស័យបានប្រើប្រាស់ Page Facebook ឈ្មោះ  “Archao Samrong” សម្រាប់ផ្សព្វផ្សាយលក់កាំភ្លើងខ្លី ហើយអាជីវកម្មខុសច្បាប់មួយនេះអាចជួយឲ្យពួកគេរកប្រាក់ចំណូលបានប្រមាណជា ៧០,០០០ បាត (២,០៦៥ ដុល្លារអាមេរិក) នៅក្នុងមួយខែ។ នៅក្នុងប្រតិបត្តិការណ៍ចាប់ខ្លួនជនសង្ស័យប៉ូលិសបានរកឃើញវត្ថុតាំងជាច្រើនដូចជា កាំភ្លើងខ្លីចំនួន ១៨ដើម, បង់សម្រាប់ដាក់គ្រាប់កាំភ្លើងចំនួន ៦០, គ្រាប់កាំភ្លើងចំនួន ១៤១គ្រាប់ និងផ្នែករបស់កាំភ្លើងមួយចំនួនទៀតផងដែរ។ បច្ចុប្បន្នជនសង្ស័យត្រូវបានអាជ្ញាធរថៃសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន ខណៈពួកគេត្រូវបានចោទប្រកាន់ពីបទកាន់កាប់និងចែកចាយអាវុធដោយខុសច្បាប់៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖  បាងកកប៉ុស្តិ៍ 

    Share This Post: