ការសិក្សាមួយបានរកឃើញថា មនុស្សជាតិអាចមានលទ្ធភាពរស់នៅដល់អាយុ ១៣០ឆ្នាំ
ការសិក្សាមួយបានដែលបានចុះផ្សាយតាមរយៈបណ្តាញសារព័ត៌មាន South China Morning Post បានឲ្យដឹងថា មនុស្សជាតិអាចរស់នៅរហូតដល់អាយុ ១៣០ឆ្នាំ បើទោះជានាពេលបច្ចុប្បន្ននេះមានមនុស្សតិចតួចណាស់ដែលអាចនៅរស់លើសពីអាយុ ១០០ ឆ្នាំក៏ដោយ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យសាស្រ្តនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាសហព័ន្ធស្វីស (Swiss Federal Institute of Technology) ដែលមានមូលដ្ឋានៅក្នុងទីក្រុង Lausanne នៃប្រទេសស្វីស ខណៈនៅក្នុងការសិក្សាគេស្រាវជ្រាវយ៉ាងស៊ីជម្រៅអំពីជីវិតមនុស្សដែលមានអាយុច្រើនបំផុតប្រមាណជា ១,១០០ នាក់ នៅក្នុងប្រទេសចំនួន ១៣ផ្សេងគ្នា។

លោកយាយ Kane Tanaka បច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសជប៉ុន និងមានអាយុ ១១៨ ឆ្នាំ គិតត្រឹមឆ្នាំ ២០២១ នេះ
លទ្ធផលនៃការសិក្សាបានបង្ហាញថា មនុស្សជាតិអាចមានលទ្ធភាពរស់ដល់អាយុ ១៣០ឆ្នាំឯណោះ ហើយកត្តាដែលធ្វើឲ្យមនុស្សម្នាក់អាចរស់នៅបានយូរអង្វែងដូចនេះគឺដោយសាររាង្គកាយរបស់ពួកគាត់មានអំណោយផលពីធម្មជាតិស្រាប់បូកផ្សំជាមួយនឹងទម្លាប់នៃការរស់នៅត្រឹមត្រូវរបស់ពួកគាត់តាំងពីក្មេងមក ដូចជាទម្លាប់នៃការបរិភោគអាហារសុខភាពជាប្រចាំ ធ្វើលំហាត់ប្រាណជាប្រចាំ និងមានជីវិតដែលពោរពេញដោយភាពរីករាយជាដើម។ យ៉ាងណាក្តី ការសិក្សាបានបញ្ជាក់ថា មនុស្សដែលមានអាយុចាប់ពីអាយុ ១១០ ឆ្នាំឡើងទៅគឺអាចប្រឈមនឹងការស្លាប់ងាយណាស់ ដោយពេលខ្លះពួកគាត់អាចស្លាប់ដោយគ្មានធ្វើទុកអ្វីទាល់តែសោះ។ ចំពោះលទ្ធភាពនៃការរស់នៅដល់អាយុ ១៣០ឆ្នាំវិញ ដ្បិតតែវាអាចទៅរួចតែវាមានភាគរយតិចតួចណាស់ ពោលគឺមួយភាគរយក្នុងចំណោមរាប់រយលានករណី៕

លោកយាយ Jeanne Calment ជនជាតិបារាំង ស្លាប់នៅក្នុងឆ្នាំ ១៩៩៧ ក្នុងជន្មាយុ ១២២ឆ្នាំ
អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post