ព័ត៌មានជាតិ

ប្រជាពលរដ្ឋអាចស្នើសុំកក់លេខរថយន្តដែលខ្លួនស្រឡាញ់បាន ទោះបីមិនទាន់បានទិញរថយន្តក៏ដោយ

BY
Khmernote Media
October 1, 2021

រាជធានីភ្នំពេញ ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ប្រជាពលរដ្ឋអាច ស្នើសុំកក់លេខរថយន្តដែលខ្លួន ស្រឡាញ់បាន ទោះបីមិនទាន់បានទិញរថយន្តក៏ដោយ ប៉ុន្តែត្រូវបង់ថ្លៃសម្រាប់ការរក្សា ហើយការស្នើសុំនេះអាចមានរយៈពេល៣ខែ តែប៉ុណ្ណោះ ។

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ៖…. ថ្លែងក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ ការស្វែងយល់ពីផ្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ត នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្លើយតបនូវសំណួររបស់បងប្អូនប្រជាពលរដ្ឋ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការអនុញ្ញាតឱ្យប្រជាពលរដ្ឋកក់រក្សាលេខទុកសម្រាប់ចុះបញ្ជីបំពាក់លើរថយន្តរបស់ខ្លួន គឺជា យន្តការមួយ រួមចំណែកដល់ការបង្កើន និងប្រមូលចំណូលថវិកាជូនរដ្ឋផងដែរ។

លោកជំទាវ កុយ សុដានី បន្តថា ទាក់ទងនឹងការរក្សាលេខ ទោះជាលេខកុម្មង់ ឬក៏លេខរាជធានីខេត្ត ឬលេខពិសេសផ្ទាល់ខ្លួន តាមនីតិវិធីថ្មី បើប្រជាពលរដ្ឋ អាចមានសិទ្ធិស្នើសុំការរក្សាលេខ ដោយធ្វើការស្នើសុំមកក្រសួងសាធារណការ និងដឹកជញ្ជូន ដោយគោរពទៅតាមនីតិវិធី ។ បន្ថែមពីនោះទៀត ចំពោះការបង់កម្រៃសេវាសម្រាប់ធ្វើការរក្សាលេខ ដោយលេខរាជធានីខេត្ត គឺមានតម្លៃ៦លានរៀល ហើយសម្រាប់ លេខកម្ពុជា គឺត្រូវបង់ចំនួន៤លានរៀល ។

សំឡេង « ការស្នើសុំរក្សាលេខនេះមានសពុលភាពរយៈពេល៣ខែ ដោយចងក្រងជាលក្ខណៈស្វ័យប្រវត្តិតែម្តង នៅពេលដែលស្នើសុំមក ក្រសួងសាធារណការនិងដឹកជញ្ជូន មានការឯកភាពគឺយើងដាក់ នៅក្នុងប្រព័ន្ធរបស់យើងគឺមានរយៈពេល៣ខែ បន្ទាប់ពី៣ខែនេះ ប្រសិន បើបងប្អូនប្រជាពលរដ្ឋមិនចុះបញ្ជីក្នុងរយៈពេលនៃការស្នើសុំរក្សាលេខ ប្រព័ន្ធនឹងធ្វើការបញ្ចូលនៅក្នុងការដាក់លក់វិញជាស្វ័យប្រវត្តិតែម្តង »។

សូមជម្រាបជូនថា យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការចុះបញ្ជីលេខ ពិសេស លេខពិសេសផ្ទាល់ខ្លួន ចាប់តំាងពីការបង្កើតឱ្យមានកម្មវិធីលក់ផ្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន រហូតមកដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ ផ្លាកលេខពិសេសលក់បានចំនួន១៧៩.០៣៤ ផ្លាក ទទួលបានចំណូលថវិកា ១៨៦.៣១២.៦៣០.៨០០ រៀល ស្មើនឹង៤៦.៥៧៨.១៥៨ ដុល្លារ ផ្លាកលេខពិសេសផ្ទាល់ខ្លួនលក់បានចំនួន ៧៥៧៨ ផ្លាក ទទួលបានចំណូលថវិកា ៥៩.៩១២.៦០២.៧០០ រៀល ស្មើនឹង១៤.៩៧៨.១៥១ ដុល្លារ ចំណូលពីការលក់លេខចុះបញ្ជី៩ខែ ឆ្នាំ២០២១ បានចំនួនជាង៤៩ពាន់លានរៀល ធៀបនឹង៩ខែឆ្នាំ២០២០ បានចំនួន៥២ពាន់លានរៀល ថយចុះចំនួន៤.២៨% ៕

Share This Post: