ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមអ្នកកែភេទនិងស្រលាញ់ភេទដូចគ្នានៅប្រទេសថៃនាំគ្នាដាក់ញត្តិទាមទារឲ្យអាជ្ញាធរព្រមទទួលយកការបរិច្ចាគឈាមរបស់ពួកគេដោយគ្មានការរើសអើង

    BY Pheakdey October 1, 2021
    ក្រុមអ្នកកែភេទនិងស្រលាញ់ភេទដូចគ្នានៅប្រទេសថៃនាំគ្នាដាក់ញត្តិទាមទារឲ្យអាជ្ញាធរព្រមទទួលយកការបរិច្ចាគឈាមរបស់ពួកគេដោយគ្មានការរើសអើង

    ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ក្រុមអ្នកស្រលាញ់ភេទដូចគ្នា ក្រុមមនុស្សខ្ទើយ និងមនុស្សកែភេទនៅក្នុងប្រទេសថៃបាននាំគ្នាធ្វើការតវ៉ានិងដាក់ញតិ្តទៅកាន់អង្គភាពកាកបាទក្រហមនៅក្នុងប្រទេសថៃដើម្បីទាមទារ​ឲ្យអាជ្ញាធរព្រមទទួលយកនូវការបរិច្ចាគឈាមរបស់ពួកគេ។ បើតាមលោក Nikorn Chimkong ដែលជាប្រធានអង្គការឥន្ទធនូបាងកកនិងជាប្រធានមូលនិធិជំងឺអេដស៍អាស៊ីបានឲ្យដឹងថា ក្រុមមនុស្សខ្ទើយ អ្នកកែភេទ និងអ្នកស្រលាញ់ភេទដូចគ្នាក៏ជាពលរដ្ឋស្របច្បាប់នៅក្នុងសង្គមដូចពលរដ្ឋទូទៅដែរ ដូចនេះពួកគេគួរតែទទួលបានសិទ្ធស្មើៗគ្នារួមទាំងសិទ្ធទៅបរិច្ចាគឈាមផងដែរ ព្រោះពេលខ្លះក្រុមមនុស្សដែលរស់នៅខុសពីធម្មតជាតិនេះក៏ចង់ចូលរួមជួយសង្គមរបស់ពួកគេផងដែរ។

    យ៉ាងណាក្តី ការទាមទារខាងលើនេះគឺមិនទទួលបានជោគជ័យឡើយ ដ្បិតនាពេលកន្លងមកគេធ្លាប់រកឃើញថា ឈាមរបស់ក្រុមមនុស្សស្រលាញ់ភេទដូចគ្នា (មនុស្សប្រុសរួមភេទជាមួយប្រុស)​ គឺមានហានិភ័យនៃការចម្លងមេរោគ ១០% ជាពិសេសនោះគឺជំងឺកាមរោគតែម្តង។ បើទោះជាមានការរកឃើញយ៉ាងនេះក៏ដោយចុះ តែលោក Nikorn Chimkong នៅតែទទូចឲ្យអាជ្ញាធរព្រមទទួលយកការបរិច្ចាគឈាមពីសំណាក់ក្រុមមនុស្សប្រុសស្រលាញ់ប្រុស ដោយអាជ្ញាធរអាចធ្វើការពិនិត្យមេរោគនៅក្នុងឈាមទាំងនោះបាន ព្រោះមិនមែនមនុស្សខ្ទើយទាំងអស់សុទ្ធតែមានមេរោគនៅក្នុងខ្លួននោះទេ។

    គួរបញ្ជាក់ថា សម្រាប់នៅក្នុងប្រទេសថៃមុននឹងធ្វើការបរិច្ចាគឈាមពលរដ្ឋម្នាក់ៗត្រូវតែឆ្លើយសំនួរអំពីបញ្ហាសុខភាពផ្ទាល់ខ្លួនចំនួន ៣៧ ជាមុនសិន ហើយនៅក្នុងនោះមានសំនួរមួយបានចោទសួរថា “តើអ្នកជាក្រុមមនុស្សប្រុសរួមភេទជាមួយប្រុសពិតមែនឬអត់?” ហើយចំពោះពលរដ្ឋណាដែលបានឆ្លើយថា “ពិត” នឹងត្រូវបានគេបដិសេធមិនឲ្យបរិច្ចាគឈាមភ្លាមៗតែម្តង ដែលកត្តានេះហាក់បង្ហាញនូវការរើសអើងយ៉ាងខ្លាំងចំពោះក្រុមមនុស្សស្រលាញ់ភេទដូចគ្នា៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: