បុរសចម្លែកម្នាក់ដែលបានរៀបការជាមួយឆ្នាំងដាំបាយយ៉ាងត្រឹមត្រូវតាមប្រពៃណីនោះ ពេលនេះបានសម្រេចលែងលះគ្នាវិញហើយ
ឥណ្ឌូនេស៊ី៖ បុរសម្នាក់ដែលនាពេលកន្លងមកបានរៀបការជាមួយនឹងឆ្នាំងដាំបាយយ៉ាងត្រឹមត្រូវតាមប្រពៃណីនោះ ពេលនេះរូបគាត់បានសម្រេចលែងលះគ្នាវិញហើយក្រោមរៀបការជាមួយគ្នាបានរយៈពេល ៤ ថ្ងៃ។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World Of Buzz បានឲ្យដឹងថា បុរសចម្លែកម្នាក់នេះមានឈ្មោះថា Khairol Anam បច្ចុប្បន្នកំពុងរស់នៅក្នុងឥណ្ឌូនេស៊ី ហើយក្នុងពេលរៀបការគេបានប្រទះឃើញគាត់ស្លៀកពាក់ឈុតកូនកំលោះយ៉ាងស្រស់សង្ហារ ខណៈក្នុងពិធីរៀបការនោះក៏មានការចូលរួមពីសំណាក់លោកអាចារ្យដែលមនុស្សចាស់ទុំនៅក្នុងសាសនាឥស្លាមផងដែរ។

ចំពោះការលែងលះគ្នាកាលពីពេលថ្មីៗនេះវិញក៏ត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវដែរ ដោយការលែងលះនោះមានការដឹងឮពីសំណាក់អាជ្ញាធរទៀតផង។ ចំពោះមូលហេតុនៃការលែងលះគ្នាវិញ លោក Khairol Anam បានប្រាប់ឲ្យដឹងថាគឺព្រោះតែប្រពន្ធរបស់គាត់ចេះតែដាំបាយតែមិនចេះធ្វើម្ហូប។ គួរបញ្ជាក់ថា គេមិនបានដឹងច្បាស់ពីគោលបំណងនៃការៀបការដ៏ចម្លែកនេះទេ តែអ្វីដែលគេបានកត់សម្គាល់នោះគឺ ពិធីរៀបការនិងការលែងលះរបស់លោក Khairol Anam សុទ្ធតែត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវតាមប្រពៃណីនិងទំនៀមទម្លាប់នៅក្នុងសង្គមឥស្លាមដែលគាត់កំពុងរស់នៅតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ World Of Buzz