ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមកូនអ្នកមាននៅឥណ្ឌានាំគ្នាពាក់ស្បែកជើងកែច្នៃបង្កប់ Bluetooth តម្លៃជាង ៨ពាន់ដុល្លារទៅប្រលង ដើម្បីទុកលួចស្តាប់ចម្លើយវិញ្ញាសាប្រលង

    BY Pheakdey October 1, 2021
    ក្រុមកូនអ្នកមាននៅឥណ្ឌានាំគ្នាពាក់ស្បែកជើងកែច្នៃបង្កប់ Bluetooth តម្លៃជាង ៨ពាន់ដុល្លារទៅប្រលង ដើម្បីទុកលួចស្តាប់ចម្លើយវិញ្ញាសាប្រលង

    ឥណ្ឌា៖ កាលពី​ថ្ងៃទី ២៦ ខែកញ្ញាកន្លងទៅនេះ អាជ្ញាធរឥណ្ឌាបានសម្រេចកាត់ផ្តាច់ប្រព័ន្ធអ៊ីធឺណិតនិងប្រព័ន្ធទូរស័ព្ទនៅក្នុងស្រុកចំនួន ១៦ នៃរដ្ឋ Rajasthan ភាកខាងជើងនៃប្រទេសឥណ្ឌា ដើម្បីទប់ស្កាត់កុំឲ្យក្រុមកូនសិស្សដែលត្រូវប្រលងថ្នាក់ជាតិអាចស្វែងរកនិងចែកចាយចម្លើយនៃវិញ្ញាសាក្នុងម៉ោងប្រលងបាន ព្រោះនាពេលកន្លងមកការប្រើប្រាស់ទូរស័ព្ទដៃ ដើម្បីស្វែងរកចម្លើយក្នុងពេលប្រលងបានក្លាយជាវប្បធម៌របស់ក្រុមកូនសិស្សស្ទើរតែទាំងអស់ទៅហើយ។ យ៉ាងណាក្តី វិធានការនេះហាក់មិនមែនជាឧបសគ្គសម្រាប់ក្រុមកូនសិស្សមួយចំនួនឡើយ ដោយពួកគេបានប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបមួយផ្សេងទៀតសម្រាប់ជំនួសទូរស័ព្ទដៃ នោះគឺឧបករណ៍ Bluetooth បង្កប់ក្នុងស្បែកជើង។

    បើយោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹង​ថា ឧបករណ៍ Bluetooth បង្កប់នៅក្នុងស្បែងជើងនោះបានភ្ជាប់ជាមួយនិងកាសដែលក្រុមកូនសិស្សបានពាក់ជាប់នឹងត្រចៀក ហើយវាក៏អាចទទួលការហៅចូលបានផងដែរ។ សម្រាប់ក្រុមកូនសិស្សដែលបានពាក់ស្បែកជើងពិសេសនេះចូលទៅប្រលងគឺពួកគេអាចសួររកចម្លើយពីអ្នកនៅក្បែរមណ្ឌលប្រលងបាន ហើយពួកគេក៏អាចប្រាប់ចម្លើយឲ្យគ្នាទៅវិញទៅមកបានយ៉ាងឆាប់រហ័សទៀតផង។

    យ៉ាងណាក្តី អ្នកត្រួតពិនិត្យការប្រលងនៅតែអាចដឹងពីល្បិចមួយនេះ ហើយគេក៏អាចបញ្ឈប់គម្រោងការអាក្រក់របស់ក្រុមកូនសិស្សខិលខូចទាំងនោះបានទាន់ពេលវេលាផងដែរ។​ សូមបញ្ជាក់ថា ល្បិចខាងលើនេះត្រូវបានរកឃើញចំពោះក្រុមកូនសិស្សជាកូនអ្នកមានចំនួន ២៥នាក់ប៉ុណ្ណោះក្នុងចំណោមកូនសិស្សរាប់ពាន់នាក់ ហើយតាមការស៊ើបអង្កេតស្បែកជើងពិសេសដែលពួកគេបានពាក់នោះគឺជាស្បែកជើងកែច្នៃពីសំណាក់អ្នកជំនាញផ្នែកព័ត៌មានវិទ្យា ខណៈស្បែកជើងមួយគូមានតម្លៃរហូតដល់ ៦០០,០០០ រូពី (៨,០៨០ ដុល្លារអាមេរិក) ឯណោះ៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: