ព្រះនាង Mako នៃប្រទេសជប៉ុន ប្រកាសរៀបអភិសេកជាមួយបុរសសាមញ្ញនៅក្នុងខែតុលានេះ ហើយសម្រេចមិនប្រើកញ្ចប់ថវិការៀបការរបស់រាជរាំង ដែលអាចប្រើដល់ទៅ ១,៣ លានដុល្លារនោះទេ , បោះបង់តំណែងជាព្រះនាង ហើយបន្តរស់នៅជារាស្រ្តសាមញ្ញ
ជប៉ុន៖ ទីបំផុតព្រះនាង Mako នៃប្រទេសជប៉ុនបានសម្រេចកំណត់ថ្ងៃរៀបអភិសេកជាផ្លូវការហើយ ក្រោយមានការពន្យាពេលនិងមានរឿងរ៉ាវចម្រូងចម្រាសជាច្រើនឆ្នាំកន្លងមកនេះ។ យោងតាមបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា កម្មវិធីរៀបអភិសេករបស់ព្រះនាង Mako នឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃទី ២៦ ខែតុលាខាងមុខនេះ ហើយកម្មវិធីរៀបអភិសេកនោះទៀតសោធនឹងត្រូវរៀបចំឡើងតាមបែបធម្មតានិងសាមញ្ញបំផុត ពោលគឺមិនរៀបចំតាមទំនៀបទម្លាប់នៃការរៀបអភិសេកតាមបែបរាជវង្សឡើយ។

ប្រភពខាងលើបានបន្តថា នៅក្នុងពិធីរៀបអភិសេករបស់ព្រះនាង Mako នឹងមិនមានការរៀបចំកម្មវិធីជប់លាងនិងអញ្ជើញភ្ញៀវក្រៅពីសមាជិកគ្រួសារឡើយ ខណៈដែលតាមធម្មតាគឺព្រះនាងមានសិទ្ធរៀបចំកម្មវិធីធំដុំដោយប្រើកញ្ចប់ថវិកាក្នុងរាជវាំងរហូតដល់ ១,៣ លានដុល្លារឯណោះ។ គួរបញ្ជាក់ថា ព្រះនាង Mako មានព្រះជន្ម ២៩ វស្សានឹងត្រូវរៀបអភិសេកជាមួយលោក Kei Komuro អាយុ ២៩ ឆ្នាំ ដែលជារាស្រ្តសាមញ្ញម្នាក់ ហើយក្រោយរៀបអភិសេករួចព្រះនាង Mako នឹងត្រូវបោះបង់តំណែងជាព្រះនាង ហើយបន្តរស់នៅជារាស្រ្តសាមញ្ញម្នាក់ផងដែរ៕



អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍