ក្រោយពីឈប់ផឹកស្រា គាត់ម្នាក់បែរជាលេបដែកគោល ប៊ូឡុង និង ខ្ចៅ ចូលក្នុងពោះ ពេទ្យយកចេញវិញបានទាំងគីឡូ
លីទុយអានី៖ ដែកគោល ខ្ចៅ និងប៊ូឡុងជាង ១ គីឡូក្រាមត្រូវបានក្រុមគ្រូពេទ្យវះកាត់យកចេញពីក្នុងខ្លួនបុរសម្នាក់ ក្រោយពីគាត់បានលាបចូលទៅក្នុងពោះបន្តិចម្តងៗចាប់តាំងពីថ្ងៃដែលគាត់សម្រេចឈប់ផឹកស្រាមក។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន The Guardian បានឲ្យដឹងថា ហេតុការណ៍មិនគួរឲ្យជឿនេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង Klaipeda ភាគខាងត្បូងនៃប្រទេសលីទុយអានី។

ប្រភពខាងលើបានបន្តថា បុរសជាជនរងគ្រោះដែលមិនត្រូវបានគេបង្ហាញអត្តសញ្ញាណរូបនេះបានកើតមានអាការៈឈឺពោះយ៉ាងខ្លាំងមុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ហើយពេលទៅដល់មន្ទីរពេទ្យភ្លាមខាងគ្រូពេទ្យក៏សម្រេចថត X-Ray ពិនិត្យក្នុងរាងកាយរបស់កាត់និងបានរកឃើញដែកគោល ខ្ចៅ និងប៊ូឡុងជាច្រើននៅក្នុងពោះរបស់គាត់តែម្តង។ ចំពោះរយៈពេលនៃការវះកាត់វិញគឺខាងក្រុមគ្រូពេទ្យបានចំណាយពេលរហូតដល់ទៅ ៣ ម៉ោង ទើបអាចវះកាត់យកវត្ថុដែកទាំងនោះចេញអស់ពីក្នុងពោះរបស់គាត់។ គួរបញ្ជាក់ថា ប៊ូឡុងនិងដែកគោលដែលគាត់បានលេបចូលទៅក្នុងពោះមានទាំងវែងទាំងខ្លី ហើយប៊ូឡុងនិងដែកគោលដែលវែងបំផុតមានប្រវែងរហូតដល់ ១០ សង់ទីម៉ែត្រទៀតផង។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះក្រុមគ្រូពេទ្យបានប្រមូលគ្រឿងដែកចេញពីក្នុងខ្លួនរបស់គាត់អស់ហើយ ខណៈរូបគាត់ក៏គ្មានគ្រោះថ្នាក់ដល់ជីវិតដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Guardian